ខេត្តកំពង់ចាម:”ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ដោយចាត់វិធានការតឹងរឹងក្នុងការទប់ស្កាត់ការសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋការសាងសង់គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុញ្ញាតនិងការសាងសង់សំណង់មិនរៀបរយ ដើម្បីជៀសវាងការប៉ះពាល់ដល់សោភ័ណភាពសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងបរិស្ថាន។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០២៥។ កម្មវិធីនេះធ្វើឡើងនៅក្រោមអធិបតីឯកឧត្តមម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដោយមានការចូលរួមពីឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តអភិបាលស្រុក-ក្រុងទាំង១០លោកមេឃុំ-ចៅសង្កាត់ទូទាំងខេត្តកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ក្នុងរយៈពេលមួយឆ្នាំ២០២៥មន្ទីររៀបចំដែនដីខេត្ត សម្រេចបាននៅការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានបញ្ចប់ទាំងស្រុងនិងចេញវិញ្ញាបណប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយបានចែកជូនដល់ដៃប្រជាពលរដ្ឋជាម្ចាស់ស្ទើរតែគ្រប់រូបទាំងអស់ធ្វើឲ្យករណីវិវាទដីធ្លីមានការថយចុះ ជាលំដាប់ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០២៥តួរលេខបង្ហាញថាមានការថយចុះជាងឆ្នាំមុន ប៉ុន្តែទុនវិនិយោគលើវិស័យការអភិវឌ្ឍន៍ជាក់ស្ដែងមានកម្រិតខ្ពស់ជាងឆ្នាំមុន។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថាស្របពេលជាមួយគ្នានេះផងដែរដើម្បីឲ្យដំណើរការនៃការអនុវត្តសម្រេចបានជោគជ័យស្របតាមទិសដៅការងាររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដោយត្រូវអនុវត្តក្នុងនោះរួមមាន÷
១.គាំទ្រនិងការចូលរួមអនុវត្តកាន់តែសកម្មលើកម្មវិធីកំណែទម្រង់ស៊ីជម្រៅ។ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល។
២.ការបន្តដំណើរការកសាងប្លង់គោលប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ថ្នាក់ក្រុង-ស្រុក ក្នុងគោលដៅគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យដីធ្លីឲ្យបានត្រឹមត្រូវនិងកាន់តែមានប្រសិទ្ធភាព។
៣.មន្ទីររៀបចំដែនដីខេត្តនិងរដ្ឋបាលក្រុងស្រុកត្រូវសហការជាមួយរដ្ឋបាលខេត្តដែលមានដីបម្រុងទុកសម្រាប់អភិវឌ្ឍន៍ដោយត្រូវកសាងផែនទីដីរដ្ឋចុះបោះបង្គោលលើកប៉ាណូនៅទីតាំងដីនិងមានវិធានការការពារទប់ស្កាត់ចំពោះប្រជាពលរដ្ឋដែលចូលទន្ទ្រានដោយខុសច្បាប់។
ចំណែកឯកឧត្តមម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីមានប្រសាសន៍ឲ្យដឹងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់និងឈ្លាសវៃរបស់សម្ដេចបវរធិបតីហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំចាប់យកកាលានុវត្តភាពទាំងឡាយ ដែលលេចចេញពីការប្រែប្រួលនៃបរិការណ៏តំបន់និងសកលលោក។ក្នុងគោលដៅនេះរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពដោយកំណត់យកនៅអាទិភាពគន្លឹះចំនួន៥គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិភាពប្រកួតប្រជែងនិងជំរុញបរិបទកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាសំដៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












