Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

‎សម្តេច ម៉ែន សំអន : តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃក្នុងការចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

‎ភ្នំពេញ ៖ សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

‎ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបានលើកឡើងថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី ៣ ត្រូវបានរៀបចំឡើងដោយមានថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ វៀតណាម ដោយបានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។

‎មានប្រសាសន៍បើកអង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងកោតសសើរដល់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជទាំងពីគណៈ សម្តេចព្រះសង្ឃនាយក និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ក្នុងគោលបំណងចែករំលែកអំពីតួនាទីព្រះពុទ្ធសាសនានៃប្រទេសទាំង៣ កម្ពុជា ឡាវ និង វៀតណាម ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងមូលធនមនុស្ស។ ជាងនេះទៅទៀត កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ្កការល្អ តាមរយៈការបង្ហាញ និងលើកកម្ពស់គោលការណ៍អហិង្សា។

‎សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី ឱវាទជួយដល់អ្នកប្រតិបត្តិ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងប្រទេសកម្ពុជា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួសផ្លូវចិត្តរាំរ៉ៃពីអតីតកាល។ ចំណែកឯព្រះសង្ឃបានចូលរួមចំណែកស្តារឡើងវិញនូវអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ តាមរយៈ ទ្រឹស្តីព្រះពុទ្ធសាសនា មានធម៌អហិង្សា សាមគ្គីធម៌ និងព្រហ្មវិហារធម៌ជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×