Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ

‎ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរដែលបានចុះ

ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការនៅថ្ងៃទី២៨ខែតុលានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ” ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពុជាថៃបានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង… ដោយភាគីទាំងពីរ «ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។

ក្នុងនាមក្រសួងព័ត៌មាន, ខ្ញុំសូមស្នើសាធារណជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ ក្រសួងព័ត៌មានបាននិងកំពុងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងទាំងអស់គ្នា មិនត្រូវបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។

យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៣ ទាក់ទងនឹងសុក្រឹតភាពនៃព័ត៌មានចែងថា៖ ១-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ (ទាំងអ្នកសារព័ត៌មានអាជីព អ្នកផលិតមាតិកា អ្នកសរសេរប្លុក អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋ អ្នកមានប្រជាប្រិយលើបណ្តាញសង្គមជាដើម) ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាតយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។ ២-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវ (ក) ចូលរួមទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ (ខ) ផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ (គ) ផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភាន់ច្រឡំ (គ) រក្សាការសម្ងាត់នៃប្រភព (ឃ) ធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាព យុត្តិធម៌ និងមិនលម្អៀង។ ៣-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាង (ក) ការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់ (ខ)កាឡៃព័ត៌មានតាមរូបភាពណាមួយដែលធ្វើឱ្យប្រាសចាកន័យដើម (គ) បញ្ចេញមតិផ្ទាល់ខ្លួនឈរលើបុរេវិនិច្ឆ័យ (ឃ) ច្របល់គ្នារវាង ការពិតដែលជាអង្គហេតុ និងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួន (ង) កែប្រែព័ត៌មាន រូបភាព ឬវីដេអូ លុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗ ឬបន្លំឯកសារផ្សេងៗ។

ជាមួយគ្នានេះ ខ្ញុំសូមស្នើសុំអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ។ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះទាំងអស់គ្នាដើម្បីសន្តិភាព!”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×