Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីនូវការអំពាវនាវឱ្យមានការដោះ លែងទាហានកម្ពុជាចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនឯកឧត្តម Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្ដេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្ដីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្ដល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្ដោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្ដីថ្លែងការណ៍នេះឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់។

សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្តីថ្លែងការណ៍នេះគឺ ជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរបាន ពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមាន សារៈសំខាន់ណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការព្រមព្រៀងទាំងនេះ ដោយសុច្ចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីនូវការអំពាវនាវឱ្យមានការដោះ លែងទាហានកម្ពុជាចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ។
ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×