Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹង ធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា នាពេលកន្លងមក។ សម្ដេចបវរធិបតីបានស្វាមគន៍ចំណាប់អារម្មណ៍ និងបំណងរបស់ភាគីរុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗខាងលើ និងបានលើកទឹកចិត្តភាគីរុស្ស៊ី ឱ្យបញ្ជូនគណៈប្រតិភូជំនាញពីវិស័យពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននានា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា ដើម្បីឱ្យចេញជាលទ្ធផលជាក់ស្តែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×