Wednesday, October 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជា ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥។

បេសកកម្មនេះ បានទទួលជោគជ័យយ៉ាងធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច ជាពិសេសគឺ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាជាប្រវត្តិសាស្ត្រជាមួយ សមភាគីថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតី សហរដ្ឋអាម៉េរិក និងឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ធ្វើជាសាក្សី។

ព្រឹត្តិការណ៍នេះត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្តសម្រាប់កម្ពុជានិងថៃ ដែលបាន បញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានា មានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថេរ និងនាំមកនូវផលប្រយោជន៏ដាក់ស្តង់ដល់ ប្រជាជននៃប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀងនេះ យោធាកម្ពុជាចំនួន១៨រូប នឹងទទួលបានការដោះលែងជាបន្ទាន់ ក្រោមហេតុផល មនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួមនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាជនកម្ពុជា បានប្រកាសស្នើបេក្ខភាព ឯកឧត្តមប្រធានាធិបតី Donald J. Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ចំពោះការទទួលស្គាល់ និងការដឹងគុណលើការលះបង់ ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយលើសកលលោក។ សូមបញ្ជាក់ថា ក្នុងឱកាសពិធីចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ក៏មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងពង្រីក ពាណិជ្ជកម្មទ្វេភាគី ផងដែរ។

ក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតត្រូវបានទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ី។ ក្នុងនោះ សម្តេចធិបតី បានអញ្ជើញ ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» ដោយកិច្ចប្រជុំ កំពូលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្ន
របស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗ រួមមាន ពិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២៥ ជូនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ពិធីចុះ ហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្តីពីការចូលជាសមាជិកអាស៊ានទី១១របស់ប្រទេសទីម័រឡេស្តេ ពិធីប្រគល់-ទទួល ពិធីសារទី២ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) កិច្ចប្រជុំកំពូលអាស៊ាន- ជប៉ុនលើកទី២៨ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១៣ កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសសមាជិកសហគមន៍
បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៣ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន- សាធារណរដ្ឋកូរ៉េលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៨ កិច្ចប្រជុំកំពូលនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) លើកទី៥ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ កិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិលើកទី១៥ ពិធីចុះហត្ថលេខាលើការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលហ្សេឡង់ ដើម្បី អបអរសាទរខួបទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងពិធីប្រគល់តំណែងប្រធានអាស៊ានទៅ សាធារណរដ្ឋហ្វីលីពីនសម្រាប់ឆ្នាំ២០២៦។ ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចធិបតី និងលោកជំទាវ បណ្ឌិត ក៏បានអញ្ជើញចូលរួមពិធីជប់លៀងក្នុងឱកាសនៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័ឡេស្តេ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×