Wednesday, October 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងហុងគ្រី ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងបុព្វហេតុដើម្បីប្រជាពលរដ្ឋ

មុនបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ ក្នុងពេលទទួលទានអាហារពេលព្រឹក ជាមួយលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋសភាហុងគ្រី ដែលបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់សម្តេច ប្រកបដោយភាពកក់ក្តៅ ដោយបានរៀបចំកម្មវិធីប្រកបដោយខ្លឹមសារ នៅក្នុងនោះសម្តេចបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសហុងគ្រីទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្ត ប្រកបដោយអត្ថន័យ ទទួលលទ្ធផលជាទីមោទនៈ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងបុព្វហេតុដើម្បីប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ាតា ម៉ាត្រៃ ម្តងទៀតនៅពេលនេះ បន្ទាប់ពីការជួបពិភាក្សាគ្នាប្រកបដោយខ្លឹមសារ កាលពីដើមឆ្នាំ២០២៥នេះ ក្នុងពេលដែលលោកជំទាវបានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីរយៈពេលខ្លីនេះ តែ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានស្វែងយល់ ដកស្រង់បទពិសោធន៍ជាច្រើន ពីមិត្តហុងគ្រី តាមរយៈការធ្វើទស្សនកិច្ចទៅកាន់តំបន់វប្បធម៌ ទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្មនានា និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី និងថ្នាក់ដឹកនាំហុងគ្រីមួយចំនួនទៀត។ ជាលទ្ឋផល រដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីនាឱកាសនេះ គណៈប្រតិភូ ទទួលបានអនុស្សាវរីយ៍ និងជាការចងចាំប្រកបដោយអត្ថន័យ។

លោកជំទាវ អនុប្រធានទី១រដ្ឋសភាហុងគ្រី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី ដែលមានតំាងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងប្រទេសទំាងពីរឈរលើផលប្រយោជន៍ពលរដ្ឋ មានភាពស្មោះត្រង់ និងការជឿជាក់គ្នា។ កម្ពុជា និងហុងគ្រីមានទស្សនៈនយោបាយស្រឡាញ់សន្តិភាពដូចគ្នា។នៅត្រង់ចំនុចនេះលោកជំទាវ បញ្ជាក់ពីតួនាទីដ៍សំខាន់ការទួតសភា ក្នុងការពង្រឹងប្រព័ន្ឋពហុនិយមផ្អែកលើច្បាប់អន្តរជាតិដើម្បីធានាការពារសន្តិភាព។ តួនាទីដ៏សំខាន់ មួយទៀតរបស់តំណាងរាស្រ្ត ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ខ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាក៏បានជម្រាបជូន លោកជំទាវ ពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយរដ្ឋមន្រ្តីកម្ពុជានិងថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្មានថ្ងៃមុននេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទំាងពីរមានជម្លោះព្រំដែនជាមួយគ្នាប្រមាណជា៥ខែ មកនេះ។ កិច្ចព្រមព្រៀងនេះបានជួយសង្រ្គោះអាយុជីវិតវីវរៈកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ រាប់ម៉ឺននាក់ ពីស្ថានការណ៍ដែលមានការប្រឈមខ្ពស់។ កិច្ចព្រមព្រៀងសន្តិភាព ជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយហើយចង់ឃើញពិភពលោកទំាងមូលមានសន្តិភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

×