ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មី ដែលបានបណ្តាលឱ្យកងទ័ពថៃរបួសកាលពីពេលថ្មីៗនេះ។ ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់បញ្ហាផ្ទះមីន ដើម្បីមួលបង្កាច់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នាធ្វើឱ្យអាប់អោនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវា។
គណបក្សប្រជាជនកម្ពុជា សូមផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយគ្មានហេតុផល របស់កងទ័ពថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យ ជនស៊ីវិលស្លាប់ ១នាក់ និងរងរបួស ៣នាក់ ដែលមានចេតនាបំផ្លាញកិច្ចខិតខំប្រឹងប្រែងនាំមកនូវបទឈប់បាញ់ និង សន្តិភាពយ៉ាងពិតប្រាកដ។ ដូចនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យដោយមានការចូលរួមពីជំនាញ ការបរទេស ដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ជូនជនរងគ្រោះទាំងនោះ។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ គ្រាប់មីន និងបោសសម្អាតសំណស់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកដល់ ប្រតិបត្តិការដោះមិនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានា ដែលត្រូវបានសហគមន៍អន្តរជាតិបាន ភាគសរសើរថា ជាប្រទេសគំរូក្នុងវិស័យសកម្មភាពមីនសកល។ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ និងម៉ាត់ ក្នុងការទប់ស្កាត់នូវរាល់សកម្មភាពឆបោកតាមអនឡាញ តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែក ព័ត៌មាន និងការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក ដែលបានសម្រេចនូវលទ្ធផលជាក់ស្តែងជាច្រើន។
យើងសូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យបន្តគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងពេញលេញ នូវច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសចំពោះសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ ដើម្បីបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន។
យើងសូមអរគុណចំពោះសន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេស ប៉ាគីស្ថាន ដោយអំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃ។
គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការបន្តរក្សា ន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ប្រឈមដោយសន្តិវិធី ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា ត្រូវ ដើរតួនាទីស្ថាបនាដោយយកសុខុមាលភាពប្រជាជនជាស្នូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី




