ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីបញ្ជាក់ព័ត៌មាន ចំពោះបណ្តាញសារព័ត៌មានថៃ ដែលបានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរ ស្លាប់ក្នុងករណីយោធាថៃ បាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។។លទ្ធផលកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់យោធាថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃការពិត របស់បណ្តាញព័ត៌មានថៃឡើយ ដោយគ្រាប់កាំភ្លើង បានបាញ់ធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសព ប្រាកដមែន។
ក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រនេះសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបណ្តាញព័ត៌មានថ បានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីទាហានថៃបាន បើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកានោះឡើយ ក្រៅពីជនរងគ្រោះ៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយបើ អាវុធវែង ប្រភេទ «M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅ ផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ធ្លុះមួយ កន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ២គុណនិង៣សង់ទីម៉ែត ទិសដៅបញ្ឆិតចូលក្នុងដងខ្លួនពី ឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយ កន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះ មាន០១គ្រាប់ ទំហំមុខកាត់៥.៧មីលីម៉ែត្រគុណ បណ្ដោយក្បាលគ្រាប់២៣មីលីម៉ែត្រ មានខ្សែទៅវិល (រីយ៉ា) ចំនួន៦ខ្សែ (វិលស្តាំ)។
ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មាន ប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់។
ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្ល ការពិត និងបង្វែរសភាពការណ៍របស់បណ្ដាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើង បានបាញ់ ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសព ប្រាកដមែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី








