Monday, November 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក ៩នាក់ក្នុងគ្រួសារត្រូវបានបាត់បង់ជីវិតក្នុងករណីសម្លាប់រង្គាល , នាយកអង្គភាពការពារកុមារ អះអាងថា នេះជាករណីដ៏រន្ធត់ និងសហាវឃោរឃៅបំផុតដោយសារតែចរិតលក្ខណៈដ៏ព្រៃផ្សៃ និងភាពសហាវឃោរឃៅនៃបទល្មើសឃាតកម្ម

កំពង់ចាម ៖ អង្គភាពការការពារកុមារ (CPU) នៅថ្ងៃទី២៤ខែវិច្ឆិកានេះបានចេញរបាយការណ៍ឲ្យដឹងថា បុរសជាជនសង្ស័យអាយុ ២១ឆ្នាំត្រូវបានឃាត់ខ្លួន ក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសាររបស់ខ្លួនដែលមានគ្នាចំនួន៩នាក់ ក្នុងនោះ រួមមាន ប្រពន្ធ ម្តាយក្មេក បងប្អូនស្រីសាច់ថ្លៃ រួមទាំងកុមារជាសាច់ញាតិជនសង្ស័យ ៦នាក់ផ្សេងទៀតផងដែរ។

នៅវេលាម៉ោងប្រហែល ៥ទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះទាំងអស់ បានសម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន ៨នាក់នៅក្នុងផ្ទះតូចដាច់ស្រយាលមួយកន្លែងស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់សមាជិកគ្រួសារទាំង ៨នាក់របស់ខ្លួនហើយ ជនសង្ស័យបានចាក់សាំងដុតបំផ្លាញទីតាំងផ្ទះនោះចោលខ្ទេចគ្មានសល់។

សាច់ញាតិម្នាក់ទៀតរបស់ជនសង្ស័យដែលរស់នៅក្បែរកន្លែងកើតហេតុ ពេលបានលឺស្នូរសំលេងផ្ទុះ ក៏បានរត់សំដៅមកកន្លែងកើតហេតុតែអកុសល់ក៏ត្រូវបានជនសង្ស័យកាប់ប្រហារនៅកន្លែងកើតហេតុនោះដោយកាំបិតផ្គាក់។ សាកសពជនរងគ្រោះ ទី៩ត្រូវបានប្រទះឃើញចម្ងាយប្រហែល ១០០ម៉ែត្រពីកន្លែងកើតហេតុផ្ទះឆេះដែលត្រូវបានដុតបំផ្លាញដោយជនសង្ស័យ ខណៈពេលជនរងគ្រោះទី៩នេះ បានព្យាយាមរត់គេចពីការវាយប្រហាររបស់ជនសង្ស័យ។ ក្រោយពេលទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលក៏មកដល់ចំណុចផ្ទះដាច់ស្រយាលនៅកន្លែងកើតហេតុភ្លាមៗផងដែរ។

អង្គភាពការការពារកុមារ (CPU) ក៏បានទទួលព័ត៌មានពីករណីដ៏រន្ធត់នេះ។ ដោយសារករណីនេះមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ក្រុមការងារចម្រុះមួយឈ្មោះ GOLF25 ត្រូវបានបង្កើតឡើង ដែលមានសមាសភាពអ្នកជំនាញពី នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ នគរបាលជំនាញខេត្តកំពង់ចាម នគរបាលរដ្ឋបាលមូលដ្ឋាន ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម និងក្រុមការងារបច្ចេកទេសនៃអង្គភាពការពារកុមារ (CPU) រួមជាមួយភ្នាក់ងារផ្សេងៗទៀតដែលបានចូលរួមស៊ើបអង្កេតស្រាវជ្រាវនៅកន្លែងកើតហេតុដើម្បីដំណើរការស៊ើបអង្កេតស៊ីជម្រៅ។

មន្រ្តីស៊ើបអង្កេតបានចាប់ផ្តើមដំណើរការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់បំផុតនៅទីតាំងកន្លែងកើតហេតុរហូតដល់យប់។ ហើយជាលទ្ធផល ជនសង្ស័យម្នាក់អាយុ ២១ឆ្នាំត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរបន្តតាមនីតិវិធី។

តាមរយៈជំនាញស៊ើបអង្កេតដ៏អស្ចារ្យរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានរកឃើញភស្តុតាងដ៏សំខាន់ដើម្បីដាក់បន្ទុកចោទប្រកាន់លើជនសង្ស័យ ហើយផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតដ៏ល្អិតល្អន់ស៊ីជម្រៅនៅកន្លែងកើតហេតុ និងជុំវិញកន្លែងកើតហេតុផ្ទាល់បានរកឃើញកាំបិទផ្គាក់វែងមួយដែលជាអាវុធជនសង្ស័យបានប្រើធ្វើសកម្មភាពសម្លាប់ជនរងគ្រោះទី៩។

ឆ្លៀតឱកាសនេះ អង្គភាពការពារកុមារ (CPU) សូមថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំបញ្ជាធ្វើការឆ្លើយតបដ៏រហ័សចំពោះករណីដ័រន្ធត់និងសាហាវឃោរឃៅនេះ និងសូមអរគុណដល់សមត្ថកិច្ចជំនាញពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តសម្រាប់ការប្រើជំនាញស៊ើបអង្កេតដ៏អស្ចារ្យឈានដល់ការកំណត់ និងរកឃើញនូវភស្តុតាងមានតម្លៃជុំវិញហេតុការណ៍ដ៏ពិបាកស្មុគស្មាញនេះ។
យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ការដឹកនាំបញ្ជាឆ្លើយតបដ៏រហ័សដោយការបញ្ជូនមន្រ្តីជំនាញស៊ើបអង្កេត និងមន្រ្តីជំនាញស៊ើបអង្កេតកន្លែងកើតហេតុចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ធ្វើឲ្យភស្តុតាងសំខាន់ៗទាំងឡាយត្រូវបានរក្សាការពារ និងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះក្នុងថ្ងៃដដែលក្រោយពេលកើតហេតុ។

តាមរយៈកិច្ចសហការនិងជំនាញស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈរបស់សមត្ថិកិច្ចស៊ើបអង្កេតធ្វើឲ្យករណីត្រូវបានបំបែកបានយ៉ាងឆាប់រហ័ស។

លោកជេមស៍ ម៉ាកខេប (James McCabe)​ នាយកអង្គភាពការពារកុមារ (CPU) បានលើកឡើងជាចុងក្រោយថា “ក្នុងរយៈពេល ១៣ឆ្នាំកន្លងទៅនេះ ក្នុងកិច្ចការស៊ើបអង្កេតជាង ៤០០ករណីឃាតកម្ម ខ្ញុំអាចនិយាយបានថា នេះជាករណីដ៏រន្ធត់ និងសហាវឃោរឃៅបំផុតមួយដែលខ្ញុំបានជួប នេះមិនមែនដោយសារតែជនរងគ្រោះច្រើននាក់បាត់បង់ជីវិតតែប៉ុណ្ណោះទេ តែដោយសារតែចរិតលក្ខណៈដ៏ព្រៃផ្សៃ និងភាពសហាវឃោរឃៅនៃបទល្មើសឃាតកម្មដែលត្រូវបានប្រព្រឹត្តឡើងដោយជនល្មើសនេះ។ ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះក្នុងករណីដ៏សែនរន្ធត់នេះផងដែរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×