រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទជាតិលើកទី១ ស្តីពី បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅនៅ មជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center CADT) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម អ៊ីហ្កូ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត ដៃគូអភិវឌ្ឍ ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា(RCC) សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសាកលវិទ្យាល័យតាមបណ្ដាលខេត្ត តាមតំណាងគ្រឹស្ថានសិក្សារដ្ឋ និងឯកជន សរុបប្រមាណ ៣៧០នាក់។
សន្និសីទជាតិស្តីពី បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចែករំលែកចំណេះដឹង និងធ្វើការពិភាក្សាលើប្រធានបទទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារអប់រំ និងជាឱកាសដ៏មានសារៈសំខាន់នៅក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការយូណេស្កូ ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗ និងវិស័យឯកជនដទៃទៀត ដើម្បីត្រួសត្រាយផ្លូវសម្រាប់អនាគតនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍របស់តំណាងដៃគូអភិវឌ្ឍន៍ និងសុន្ទរកថា របស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា (RCC) ក្នុងការបង្កើត “មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ” ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ក្នុងគោលដៅប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះ ទៅជាប្រភពធនធានដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែក ក្នុងការចម្រាញ់យកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីធ្វើនវានុវត្តន៍គរុកោសល្យ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សារភ្ជាប់រវាងគោលនយោបាយ បទពិសោធជាក់ស្តែង និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ ប្រកបដោយបរិយាបន្ន ការទទួលខុសត្រូវ និងក្រមសីលធម៌ ទាំងនៅក្នុងវិធីសាស្រ្តនៃការរៀននិងបង្រៀន ទាំងការសិក្សាស្រាវជ្រាវ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំ។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការអភិវឌ្ឍធនធានមនុស្ស និង បរិវត្តកម្មឌីជីថល ជាសសរស្តម្ភស្នូលនៃរបៀបវារៈជាតិ។ ការអប់រំ និងការចាប់យកបច្ចេកវិទ្យា គឺជាកាតាលីករ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះ។ ឆ្លើយតបនឹងអាទិភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមត្ថកិច្ចជាក់លាក់ជូនដល់ក្រសួង ស្ថាប័ន ក្នុងការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានប្រគល់ភារកិច្ចដឹកនាំការងារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ច AI ព្រមទាំងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រលើអភិបាលកិច្ច AI។ ក្រសួងអប់រំ យុវជន និងកីឡាត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំ និងសម្របសម្រួលការអប់រំពាក់ព័ន្ធនឹង AI ជាមួយក្រសួង ស្ថាប័នតាមវិស័យនានា។ សន្និសីទ និងមជ្ឈមណ្ឌលដែលទើបសម្ពោធក្នុងថ្ងៃនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការសហការគ្នាយ៉ាងជិតស្និតរវាងក្រសួងទាំងពីរ ក្នុងការជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍ ការអប់រំនិងបណ្តុះបណ្តាល និងការជំរុញការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំ។
បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ តែក៏ជាកាំបិតមុខពីរដែរ ដូច្នេះ តួនាទីរបស់រាជរដ្ឋាភិបាល គឺត្រូវរៀបចំគោលនយោបាយមួយដែលគ្រប់ជ្រុងជ្រោយ ថ្លឹងថ្លែង បង្កើតតុល្យភាព និងជួយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាព ដោយត្រូវកាត់បន្ថយនូវហានិភ័យ និងឥទ្ធិពលអវិជ្ជមានរបស់បច្ចេកវិទ្យាមកលើសង្គមជាតិ ដើម្បីធានាឱ្យបានថាការអភិវឌ្ឍមាននិរន្តរភាព សមធម៌ និងបរិយាបន្ន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរចំពោះសិស្សានុសិស្ស និងក្រុមទាំងអស់ដែលបានចូលរួមបណ្តុះបណ្តាល និងប្រកួតប្រជែងក្នុងកម្មវិធី ពានរង្វាន់តេជោសែន «ការប្រកួតប្រជែង AI សម្រាប់ការអប់រំ» ដោយបញ្ជាក់ថា ភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមរបស់ប្អូនៗ គឺជាគំរូនៃការខិតខំប្រឹងប្រែង ចូលរួមចំណែករៀបចំអនាគតនៃការអប់រំរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ក៏បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាអប់រំទាំងអស់សូមបន្តពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងឱ្យរឹងមាំ និងទូលំទូលាយ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា និងត្រូវស្វែងរកវិធីសាស្ត្របង្រៀនថ្មីៗ ឆ្លើយតបនឹងគោលដៅនៃការអប់រំ គឺ ផ្ដល់នូវចំណេះដឹង បំណិន ចរិយាធម៌ ជាពលរដ្ឋល្អ និងជាពលរដ្ឋសកលល្អ។
ចំពោះអ្នកស្រាវជ្រាវ សូមប្រកាន់ខ្ជាប់នូវភាពម៉ត់ចត់ និងសិក្សាស្រាវជ្រាវនូវភស្តុតាងថ្មីបន្ថែមទៀត ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ឧបករណ៍ និងដំណោះស្រាយបច្ចេកវិទ្យា ល្អៗ ដែលនឹងជួយគាំទ្រ និងកែលម្អការរៀន និងការបង្រៀន។ ចំពោះសិស្សានុសិស្ស សូមមានស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ AI ដើម្បីពង្រីកចំណេះដឹង និង Critical Thinking ប៉ុន្តែត្រូវមានទំនួលខុសត្រូវ និងប្រកាន់ភ្ជាប់នៅក្រមសីលធម៌៕រក្សាសិទ្ធដោយ៖សុទ្ធលី
















