Monday, November 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តចំណាយថវិកាបុណ្យសពទាំង១០នាក់នៅស្ទឹងត្រង់ដែលស្លាប់ក្រោមកណ្ដាប់ដៃកូនប្រសារប្រុស

ខេត្តកំពង់ចាម: ក្រោយពីមានហេតុការណ៍អំពើឃាតកម្មចាក់សាំងដុតមនុស្សស្លាប់រហូតដល់១០នាក់នៅក្នុងផ្ទះខ្ទមចាំចម្ការស្វាយចន្ទីក្នុងភូមិពោនឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ដោយនៅព្រឹកថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកបច្ច័យចូលបុណ្យសពសរុបជិត ១០លានរៀល ជាមួយនោះឯកឧត្តមស្ទើរតែស្រក់ទឹកភ្នែកនិងសោកស្ដាយហេតុការណ៍ដែលបានកើតឡើងនៅតំបន់ព្រំប្រទល់៣ខេត្តកំពង់ចាម ក្រចេះនិងកំពង់ធំ ហើយតំបន់នេះជាកន្លែងដាច់ស្រយាលទៀតផង។

អ្នកស្រីវេង ញាញ់ អាយុជាង៤០ឆ្នាំបានរៀបរាប់ប្រាប់ថា: គាត់កំពុងតែធ្វើការរោងចក្រកាត់ដេរមួយកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានប្អូនទូរសព្ទប្រាប់ថា:កូនប្រុសស្រីរបស់គាត់ចំនួន៤នាក់ត្រូវបានក្មួយប្រសារប្រុសឈ្មោះសុបិនមិនា អាយុ២១ឆ្នាំ បានចាក់សាំងដុតសម្លាប់នៅក្នុងផ្ទះចាំចម្ការ ។គ្រាន់តែលឺបែបនេះគាត់បានយំ ព្រមទាំងបានប្រញាប់សុំច្បាប់ថៅកែចេញដំណើរមកស្រុកកំណើតដល់អ្នកល្ងាច ថ្ងៃទី២៣ វិច្ឆិកាឆ្នាំ២០២៥ នឹងបានរហូរយំអាណិតកូនៗ ដោយស្លាប់ទាំងអស់ ព្រោះហេតុតែជីវភាពខ្វះខាតទើបចេញទៅស៊ីឈ្នួលគេយកប្រាក់មកទ្រទ្រង់ជីវភាពគ្រួសារ មិនគួរណាជួបរឿងយ៉ាងដូច្នេះសោះ។

អ្នកស្រីវេង ញាញ់ បានបន្តឲ្យដឹងទៀតថា គាត់ពិតជាខ្លោចចិត្តអាណិតដល់កូនៗដែលនៅជាមួយជីដូនចាស់ចំនួន៤ នាក់មានប្រុសមានស្រីត្រូវបានស្លាប់ក្នុងអណ្ដាតភ្លើងទាំងអស់គ្មានអ្នកណាម្នាក់រត់រួចនោះទេ។ ស្របពេលមកដល់ផ្ទះត្រូវបានប្អូនៗរៀបរាប់ប្រាប់ពីដំណើររឿងដោយនៅល្ងាចថ្ងៃទី២២វិច្ឆិកា ដោយដឹងថាក្មួយស្រីរបស់គាត់មានទំនាស់ជាមួយនឹងប្ដីឈ្មោះមិនា គ្រានោះម្ដាយបានឮយ៉ាងដូច្នេះក៏ជិះម៉ូតូទៅផ្ទះរបស់កូនស្រីកន្លែងចាំចម្ការកៅស៊ូរបស់ជីដូនខាងក្មួយប្រសារយកមកផ្ទះនៅភូមិពោន។លុះមកដល់ព្រឹកព្រលឹមថ្ងៃទី២៣វិច្ឆិកាក៏ស្រាប់តែមានហេតុការណ៍កើតឡើងដោយក្មួយប្រសារប្រុស បានប្រព្រឹត្តនៅទង្វើព្រៃផ្សៃបានសម្លាប់ក្មួយៗប្រពន្ធព្រមទាំងកូនក្នុងផ្ទៃនិងម្ដាយក្មេករហូតដល់១០នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។អ្នកស្រីលើកឡើងថាគាត់ទៅធ្វើការនៅរោងចក្រជាមួយនឹងប្ដីស៊ីឈ្នួលគេកន្លែងខុសគ្នា ដើម្បីយកប្រាក់មកបង់ឲ្យធនាគារឯកជននិងលុយនៅសល់សម្រាប់ចិញ្ចឹមកូនៗ។ចំពោះសាកសពត្រូវបានដង្ហែរយកមកបញ្ចុះនៅដីប្អូនឈ្មោះលីវ ចម្ងាយប្រមាណពីផ្ទះកើតហេតុ៥០ម៉ែត្រ ធ្វើឡើងនាព្រឹកថ្ងៃទី២៤វិច្ឆិកា។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានការសោកស្ដាយនិងសូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំនេះ។ព្រោះថាហេតុការណ៍បានកើតឡើងដោយភ្លាមៗនឹកស្មានមិនដល់ដែលបង្កឡើងដោយពីសំណាក់កូនប្រសារប្រុស លើម្ដាយក្មេកព្រមទាំងក្មួយៗបណ្ដាលឱ្យបាត់បង់មនុស្សដែលគួរឱ្យជាទីស្រឡាញ់រហូតទៅដល់១០ នាក់។ ឃាតករដែលត្រូវបានសមត្ថកិច្ចចាប់បានកំពុងតែសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ហើយករណីនេះត្រូវតែផ្ដល់ភាពយុត្តិធម៌ជូនដល់អ្នកស្លាប់ធ្វើយ៉ាងណាដាក់ទោសទ័ណ្ឌឲ្យបានធ្ងន់ធ្ងរដោយមិនអាចលើកលែងបាននោះទេ។
ជាមួយនោះរដ្ឋបាលខេត្តសូមចូលបុណ្យសពចំនួន៥លានរៀល ឧកញ៉ាហេងឡុង៤លានរៀល លោកអភិបាលស្រុកស្ទឹងត្រង់៥០ម៉ឺនរៀល ឯកឧត្តម នេតសាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាមចំនួន១០០០ដុល្លារ ហើយរាល់ការចំណាយបុណ្យសពគឺរដ្ឋបាលខេត្តទទួលរាប់រងចេញទាំងស្រុង។ហើយនារសៀលថ្ងៃដដែលកាកបាទក្រហមខេត្តដឹកនាំដោយលោកជំទាវប៉ាង ដានីរួមទាំងព្រះសង្ឃ បាននាំយកអំណោយជូនដល់គ្រួសារសពនេះបន្ថែមទៀតដើម្បីសម្រាលនៅបន្ទុកការលំបាក៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×