Tuesday, November 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមវាស់វែងចម្រុះកម្ពុជា និងថៃ បន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ

បន្ទាយមានជ័យ ៖ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ ដល់លេខ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គ.ម ស្មើនឹងប្រមាណ ៧៦%។ ការងារ​ថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

បន្ទាប់មកភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារ បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៣-៤៧។

ការចុះ​វាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×