ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងថា លទ្ធផលជំនួបជាមួយ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងសិទ្ធិមនុស្សរបស់ប្រទេសឥណ្ឌូនេសុីដោយបានលើកក្នុងកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងការការពារសិទ្ធិរបស់ពលករនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេសុី។ ឯកឧត្តម កែវ រ៉េមី បានជម្រាបជូនពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងស្ថានការប្រឈមជាមួយប្រទេសថៃចាប់តាំងពីការប៉ះទង្គិចនាថ្ងៃដំបូងរហូតដល់ថ្ងៃនេះ រួមមាន: ហេតុអ្វីបានទាហានថៃអាចចាប់ទាហានខ្មែរបាន ? ការប្រើសព្វាវុធខុសច្បាប់អន្តរជាតិដែលប្រើដោយទាហានថៃក្នុងពេលមានជម្លោះជាមួយកម្ពុជា។ ការប្រើសម្លេងរំខានក្នុងកម្រិតហ្រ្វេកង់ខ្ពស់ដែលធ្វើឲ្យប៉ះពាល់ដល់ជនងាយរងគ្រោះស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ក្មេងៗ និងអ្នកជម្ងឺនៅតាមព្រំដែនកម្ពុជា-ថៃ ការបាញ់សម្លាប់ជនសុីវិលដែលគ្មានអាវុធនៅក្នុងដៃគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការជាន់មីនបង្កើតលេសដើម្បីបំពានកិច្ចព្រមព្រៀងសន្តិភាព ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាមួយ ឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលសវនការរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះបានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការ អនុវត្តល្អៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានស្វាគមន៍ចំពោះ ឯកឧត្តម Natalius Pigai និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី។ ពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មានលក្ខណៈល្អប្រសើរ ព្រោះរាជរដ្ឋា ភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់លើសិទ្ធិរស់រានមានជីវិត និងសន្តិភាពទាំងក្នុងប្រទេស តំបន់ និងពិភពលោក ហើយក៏ស្របនឹងចក្ខុវិស័យអាស៊ានផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគី ទៅវិញ។ ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្ន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃបានចូលមកចាប់ ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀត ប្រទេសថៃតែងតែយក បញ្ហាជាន់មី មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធនឹង បញ្ហាមីន ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា “រាល់ពេល ទាហានថជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង”។ បើទាហានថៃជាន់មីនក្នុង ទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដីថៃ នោះគឺជាការ ទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។
លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងទៀតថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះគឺជាមូលដ្ឋានសំខាន់ សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់។ បន្ទាប់ពីបានទទួលស្តាប់នូវការលើកឡើងខាងលើ ឯកឧត្តម Natalius Pigai បានថ្លែងអំណរ គុណចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ចំពោះព័ត៌មានទាំងអស់ និងការចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តមនិងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏ បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំងពលករមកពីប្រទេសឥណ្ឌូណេស៊ី ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសិទិ្ធមនុស្សឥណ្ឌូណេស៊ី បានស្នើសុំលើបីចំនុចសំខាន់ៗគឺ (១) បន្តការ គាំពារជួយគ្នាទៅវិញទៅមកក្នុងការការពារពលករនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី (២) អញ្ជើញ ឯកឧត្តមទេសរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកស្ដីពីសិទ្ធិមនុស្សឆ្នាំ២០២៦ នៅប្រទេស ឥណ្ឌូណេស៊ី និង (៣) គាំទ្របេក្ខភាពឥណ្ឌូណេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីលទ្ធភាពរបស់ក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការផ្តល់ជំនួយជាលក្ខណៈបច្ចេកទេស រួមមានការកសាងសមត្ថភាព បណ្ដុះបណ្តាល និងជំនួយផ្សេងៗ ទៀតដល់មន្ត្រីកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កម្ពុជាតែងតែយកចិត្តទុកដាក់លើសិទ្ធិសេរីភាព និងគាំពារពលករគ្រប់រូប រួមទាំងពលករឥណ្ឌូណេស៊ី ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងទទួលំយកការ អញ្ជើញរបស់រដ្ឋមន្ត្រីសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក ស្ដីពីសិទ្ធិ មនុស្សឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។ ចំពោះសំណើសុំឱ្យកម្ពុជាគាំទ្របេក្ខភាពឥណ្ឌូណេស៊ីជាប្រធាន ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងធ្វើការរាយការណ៍ទៅប្រមុខ រាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណើនេះ។ ពាក់ព័ន្ធនឹងការផ្ដល់ជំនួយបច្ចេកទេសរបស់ឥណ្ឌូណេស៊ី ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើឱ្យមានរៀបចំជាមន្ត្រីបង្គោលរវាងកម្ពុជានិងឥណ្ឌូណេស៊ី ដើម្បីសម្របសម្រួលលើការងារនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ឥណ្ឌូណេស៊ីជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្ដីថ្លែងការណ៍រួម ស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី









