ប្រទេសចិន ៖ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចំនួន៥រូបទៅបំពេញទស្សនៈការងារចំនួន៥ថ្ងៃនៅប្រទេសចិន តបតាមការអញ្ជើញរបស់សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន(ACJA) ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោក ពុយ គា បានបញ្ជាក់ថា គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា នឹងជួបពិភាក្សាការងារជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ក្នុងគោលបំណង ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងផ្លាស់ប្តូរវិជ្ជាជីវៈរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន។
ជម្រាបដែរថា គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចការងារខេត្តចំនួន២របស់ចិន គឺខេត្ត Heilongjiang ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា នឹងជួបពិភាក្សាការងារជាមួយមន្ត្រីក្នុងតំបន់ ទស្សនាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គម្រោងបច្ចេកវិទ្យាខ្ពស់ និងឧទ្យានវប្បធម៌ព្រិល។ បន្ថែមពីនោះ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា គណៈប្រតិភូនឹងបន្តទៅខេត្តយូណាន ដោយអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




