Tuesday, November 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ខែ បង្ក្រាបគ្រឿងញៀនបាន២៥៥ករណី ឃាត់មនុស្ស៥៧៥នាក់

កំពង់ចាម: “ស្របពេលដែលខេត្តផ្សេងៗរឹតបន្តឹងក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនក្រុមឧក្រិដ្ឋជនបានបង្វែរទិសដោយបានដឹកគ្រឿងញៀនតាមរថយន្តពីព្រំដែនឡាវ ឆ្លងកាត់តាមកំពង់ចាមត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅក្នុងស្រុកព្រៃឈរ ដោយរហូតបានថ្នាំញៀនរហូតដល់៤៣៦គីឡូក្រាម
ដែលបម្រុងបើកចូលទៅកាន់រាជធានីភ្នំពេញ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ គោលការផែនការនិងចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការនិងមន្ត្រីនគរបាលជាតិនៃរដ្ឋបាលខេត្តដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី២៥វិច្ឆិកា ឆ្នាំ២០២៥។ជាមួយនោះគេឃើញមានការចូលរួមពីកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការអភិបាលស្រុក-ក្រុងទាំង១០ លោកមេឃុំ-ចៅសង្កាត់ រាប់រយនាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរប្រឆាំងគ្រឿងញៀន បានរៀបចំនៅផែនការជាច្រើនក្នុងនាមសេនាធិការឲ្យរាជរដ្ឋាភិបាល។ដោយធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត ត្រូវសម្អាតចកឱ្យអស់ចេញពីផ្ទៃបឹង ដោយត្រូវបានរៀបចំពីប្រមុខរាជរដ្ឋាភិបាលមុនៗ គោលការណ៍ទាំងនេះទាំងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវចូលរួមសហការធ្វើយ៉ាងណារៀបចំផ្ទះរបស់យើងហើយបានស្អាត ដូច្នេះត្រូវមើលពីផ្ទះមួយទៅផ្ទះមួយពីកន្លែងធ្វើការមួយទៅកន្លែងធ្វើការមួយធ្វើយ៉ាងណាឱ្យសហគមន៍របស់យើងមានភាពស្អាតស្អំ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាមួយនោះត្រូវមើលលើមន្ត្រីរាជការមុនគេដោយយកទឹកម៉ូតទៅពិនិត្យរកសារធាតុញៀនធ្វើយ៉ាងណាឱ្យមានភាពស្អាតស្អំមិនពាក់ព័ន្ធទៅនឹងគ្រឿងញៀន។នៅក្នុងខេត្តកំពង់ចាមដោយមានការគាំទ្រពីសំណាក់ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារចុះជួបខេត្តកំពង់ចាម បានឧបត្ថម្ភផ្ដល់ឧបករណ៍យកសំណាករហូតដល់គ្រូបង្រៀន ។កន្លងមកបានរកឃើញទាំងមន្ត្រីនិងកងកម្លាំងហើយបានទុកឱកាសឲ្យបន្សាបថ្នាំឱ្យអស់ចេញពីក្នុងខ្លួនបន្ទាប់មកត្រូវពិនិត្យមើលម្ដងទៀតបើរកឃើញត្រូវលុបឈ្មោះបណ្ដេញចោលពីអង្គភាពតែម្ដង។
ចំពោះសមត្ថកិច្ចវិញបើរកឃើញត្រូវបណ្ដេញចេញព្រោះថាជាមន្ត្រីនគរបាលយុត្តិធម៌ ដែលជាអ្នកអនុវត្តលើការបង្ក្រាបបទល្មើស។ សកម្មភាពនេះមិនមែនធ្វើឡើងតែមួយប្រាវនោះទេគឺយើងត្រូវតែអនុវត្តការងារនេះបន្តទៅមុខទៀត។ធ្វើយ៉ាងណាឱ្យមន្ត្រីមានភាពស្អាតស្អំ។ អភិបាលខេត្តបានលើកឡើងថានៅក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២៥ របាយការណ៍របស់លោកស្នងការនគរបាលខេត្តបទល្មើសគ្រឿងញៀនបង្ក្រាបបានចំនួន២៥៥ករណីក្នុងនោះឃាត់ខ្លួនមនុស្សចំនួន៥៧៥នាក់បើប្រៀបធៀបទៅឆ្នាំ២០២៤ គឺមានការកើនឡើង១០ករណី ឃាត់ខ្លួនចំនួន៤៩ នាក់។ ស្ថានភាពអ្នកជាប់ទោសនៅពន្ធនាគារគិតត្រឹមល្ងាចថ្ងៃទី២៤ វិច្ឆិកាឆ្នាំ២០២៥គឺមានចំនួន២៣៧០នាក់ក្នុងនោះអ្នកទោសគ្រឿងញៀនមានចំនួន ១៥៨៩នាក់ស្មើនឹង៦៤%។ សម្រាប់ព្រឹកថ្ងៃទី២៥វិច្ឆិកានេះ គឺពិតជាមានសារៈសំខាន់ដោយអញ្ជើញមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមកស្ដាប់ពីការណែនាំរបស់ជំនាញក្រសួងមហាផ្ទៃដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនឡើងពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×