ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅអ្នកបើកបរម៉ូតូជាអង្គរក្ស០២នាក់ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបើកបរនៅលើផ្លូវសាធារណៈប្រើប្រាស់ឥទ្ធិពលជាអង្គរក្សបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងមានកាយវិការពាក្យសម្តីមិនសមរម្យកាក់រថយន្តប្រជាពលរដ្ឋ បណ្តាលប៉ះពាល់ជម្លោះពាក្យសម្តីជាមួយប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើសាធារណៈ យកមកសួរនាំ។
បន្ទាប់ពីសួរនាំរួចមន្រ្តីជំនាញព្រហ្មទណ្ឌនឹងធ្វើរបាយការណ៍រាយការណ៍សុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច។
អង្គរក្សស៊ីវិលទាំង២នាក់ របស់ឧកញ៉ា ធាង ទ្រី ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អប់រំឲ្យបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវឲ្យអ្នកផ្សេងទៀត បញ្ឈប់សកម្មភាពអសីលធម៌បែបនេះ តាមដងផ្លូវសាធារណ:។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បើពួកគាត់ទាំង២នាក់ នៅបន្តសកម្មភាពលើកក្រោយទៀត លោកនឹងបញ្ជាឲ្យឃាត់ខ្លួន ចាត់វិធានការតាមច្បាប់។
ក្រោយទទួលការអប់រំ ពួកគេទាំង២នាក់ បានចេញវីដេអូសុំទោសជាសាធារណ: និងសុំឲ្យមហាជនលើកលែងទោសជូនពួកគាត់ផង។
ពួកទាំង២នាក់ រួមមាន៖ ឈ្មោះ យឿង វិចិត្រ អាយុ២៩ឆ្នាំ និងឈ្មោះ ឡូត សាន់ថុនអាយុ៣២ឆ្នាំ។៕ រក្សាសិទ្ធដោយ៖សុទ្ធលី








