Monday, December 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចម្រុះឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈជាច្រើនករណី និងបានប្រើប្រាស់បណ្តាញ Telegram ដើម្បីផលិត និងចែកចាយរូបភាពអាសអាភាសលើកុមារ

ភ្នំពេញ ៖ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៥នេះ បានចេញរបាយការណ៍ឲ្យដឹងថា ក្រុមការងារចម្រុះធ្វើការឃាត់ខ្លួនបុរសសញ្ជាតិខ្មែរ អាយុ៤៣ឆ្នាំ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈជាច្រើនករណី និងបានប្រើប្រាស់បណ្តាញ Telegram ដើម្បីផលិត និងចែកចាយរូបភាពអាសអាភាសលើកុមារ (CSAM)។

ក្រុមការងារចម្រុះ “HOTEL 25” ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, ការិយាល័យសន្តិសុខមាតុភូមិ (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការធ្វើការស៊ើបអង្កេតទៅលើសកម្មភាពរបស់បុរសជាជនសង្ស័យម្នាក់ដែលរស់នៅស្រុកកំពង់ឆ្នាំង បន្ទាប់ពីបានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជា ត្រូវបានផលិតនិងបង្ហោះទៅលើប្រព័ន្ធអនឡាញ។

ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរសអាយុ៤៣ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ និងពីបទផលិតចែកចាយរូបភាពអាសអាភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំង។

ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។

លោក ជេមស៍ ម៉ាខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានលើកឡើងថា “ជនសង្ស័យនេះបង្កហានិភ័យធ្ងន់ធ្ងរដល់កុមាររងគ្រោះច្រើននាក់។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរដ៏ស្មោះចំពោះអ្នកពាក់ព័ន្ធទាំងឡាយសម្រាប់ការសម្រេចបាននូវលទ្ធផលការងារដ៏អស្ចារ្យនេះ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់ចំណាត់ការដ៏រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រសួងមហាផ្ទៃ និងអង្គភាពស៊ើបការសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) ដែលបានផ្តល់ការគាំទ្រក្នុងកិច្ចការស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេច។”
តាមរយៈកិច្ចការស៊ើបអង្កេតនេះវាជាគម្រូមួយដ៏អស្ចារ្យដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អ្នកពាក់ព័ន្ធទាំងឡាយក្នុងកិច្ចការការពារទប់ស្កាត់កុមារកុំឲ្យរងគ្រោះដោយបទល្មើសដែលត្រូវបានប្រព្រឹត្តឡើងដោយជនខិលខូចតាមអនឡាញ។

ហើយវាក៏ជាសារដ៏មានន័យទៅកាន់ជនណាដែលគិតថាកម្ពុជាពុំមានលទ្ធភាពក្នុងការស៊ើបអង្កេតបទល្មើសលើកុមារតាមអនឡាញ។ បើសិនអ្នកផលិតរូបភាពរំលោភបំពានផ្លូវភេទកុមារយកទៅបង្ហោះលើបណ្តាញអ៊ីនធើណិត យើងនឹងបើកការស៊ើបអង្កេតដើម្បីឃាត់ខ្លួនអ្នកជាមិនខាន។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមអបអរសាទរដល់ភ្នាក់ងារពាក់ព័ន្ធទាំងឡាយដែលបានសម្រេចនូវលទ្ធផលការងារដ៏អស្ចារ្យនេះ។ នេះជាគម្រូដ៏អស្ចារ្យមួយដែលបង្ហាញពីលទ្ធភាព និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាក្នុងកិច្ចការការពារកុមារមិនថាបទល្មើសលើកុមារត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសឬតាមអនឡាញក៏ដោយ។ ជាថ្មីម្តងទៀត សូមអបអរសាទរ និងកោតសរសើរដ៏ស្មោះចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលសម្រេចបាននូវលទ្ធផលការងារដ៏អស្ចារ្យនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×