កណ្តាល ៖ លោកស្រី ឡូញ សុខខា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចេញដីកាឃុំខ្លួនក្មេងទំនើង៧នាក់ដាក់ពន្ធនាគារ ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ បន្ទាប់ពីពួកគាត់បានប្រព្រឹត្តបទល្មើស ឃាតកម្ម ដោយកាប់ជនរងគ្រោះម្នាក់បណ្ដាលឲ្យដាច់ក្បាល និងម្នាក់ទៀតរងរបួសធ្ងន់ នៅភូមិព្រែកត្រែង២ ស្រុកកៀនស្វាយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោក ខា ដែនណា អ្នកនាំពាក្យអយ្យអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្មេងទំនើងទាំង៧នាក់នោះ ម្នាក់ជាជនដៃដល់ឈ្មោះ កុល ដារ៉ុង អាយុ១៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត្ត។ ខណៈ៦នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្ម និងសមគំនិតក្នុងអំពើកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត្ត (កាំបិតផ្គាក់ និងដាវ)។
សាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ឃាតកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ ប្រហារ ដោយគ្មានការអនុញ្ញាត, សមគំនិតក្នុងអំពើឃាតកម្ម និងសមគំនិតក្នុងអំពើកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាត (កាំបិតផ្គាក់ និងដាវ) កើតឡើងនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៤៥៥ អ.ក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន ០៧នាក់ គឺ ១. ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ពីបទ ឃាតកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធ សម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាត (កាំបិតផ្គាក់) បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិមាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ២. ឈ្មោះ ឃួន សុខេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៣. ឈ្មោះ ឆុន ឆាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៤. ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៥. ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៦. ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ៧. ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិតផ្គាក់ និងដាវ) បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ១. ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ២. ឈ្មោះ ឃួន សុខេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ៣. ឈ្មោះ ហ៊ាន សៀងហ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ៤. ឈ្មោះ ឆុន ឆាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ៥. ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ៦. ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ៧. ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅមណ្ឌលយុវនីតិ សម្បទាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឲ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ភ្លាមនោះ នោះកម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។ ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះមួយកាំបិតផ្គាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕រក្សាសិទ្ធដោយ៖សុទ្ធលី





