ខេត្តកំពង់ចាម-ត្បូងឃ្មុំ: ទីតាំងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនKV ស្ថិតនៅឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ
ក្រោមកិច្ចសហការចុះMOU រវាងរដ្ឋបាលខេត្តកំពង់ចាមនិងត្បូងឃ្មុំដោយបានទទួលយកក្រុមយុវជនយុវនារីដែលបានធ្លាក់ខ្លួនញៀនថ្នាំ។ ជាមួយនោះត្រូវបានក្រុមគ្រួសារក៏ដូចជាអាជ្ញាធរបាននាំយកមកឲ្យព្យាបាល ដើម្បីបន្សាបគ្រឿងញៀនធ្វើយ៉ាងណាឱ្យមានស្មារតីប្រក្រតីឡើងវិញវិលត្រឡប់ទៅកាន់សហគមន៍របស់ខ្លួនវិញជួបជុំគ្រួសារ
ក្នុងនោះអ្នកដែលត្រឡប់ទៅវិញគឺមានសុខភាពល្អប្រសើរ។
លោកសោម រស់ ប្រធានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៣ធ្នូឆ្នាំ២០២៥ថា:
ចាប់តាំងពីពេលដែលមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះបានក៏កើតឡើងដោយសាងសង់នៅលើផ្ទៃដីធំទូលាយប្រមាណជិត២០ហិកតាឯណោះ។ដើម្បីទទួលយកអ្នកដែលបានញៀនថ្នាំមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រៃវែងរតនគិរី មណ្ឌលគិរី ស្វាយរៀង រាជធានីភ្នំពេញជាដើម ដោយមានបន្ទប់អ្នកនៅរួមគ្នានៅក្នុងអាគារមួយល្វែងសាងសង់អំពីបេតុងផ្ទាល់ដីដែលអាចដាក់មនុស្សបានចំនួន៣០០ទៅ៤០០នាក់។
ប្រធានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនរូបនេះមានប្រសាសន៍បន្តឲ្យដឹងទៀតថា
ចំពោះអ្នកដែលមកព្យាបាលបន្សាបគ្រឿងញៀនតាមបច្ចេកទេសរបស់សុខាភិបាលគឺត្រូវប្រើពេល៦ខែទៅមួយឆ្នាំ ទើបបុគ្គលនោះមានស្មារតីល្អឡើងវិញ។ សូមបញ្ជាក់ថានៅក្នុងបរិវេណទីតាំងនេះគឺមានសួនបន្លែចំនួន ៣ តារាងបាល់ទះ២ តារាងបាល់ទាត់មួយ កន្លែងកំសាន្តផ្សេងៗ ស្រះចិញ្ចឹមត្រី រោងចិញ្ចឹមមាន់ចំនួន៣ សម្រាប់បន្លែដែលក្រុមយុវជនមកស្នាក់នៅទីនេះដាំដុះបានត្រូវយកមកផ្គត់ផ្គង់ផ្ទះបាយសម្រាប់ទទួលទានជាអាហារប្រចាំថ្ងៃមួយផ្នែកទៀតក៏មានការនាំចូលមកពីទីផ្សារខាងក្រៅផងដែរ។ រាល់ថ្ងៃគឺមានយុវជនចំនួន៨៧នាក់ក្នុងនោះស្រី២នាក់កំពុងតែធ្វើការព្យាបាលបន្សាបគ្រឿងញៀន ពេលដែលពួកគាត់ជាសះស្បើយត្រូវបានបញ្ជូនទៅសហគមន៍វិញក្នុងនោះមានស្រុកមេមត់ស្រុកពញាក្រែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយក៏មានក្រុមការងារចុះតាមដានពីសុខភាពរបស់ពួកគាត់ប្រចាំខែឃើញថាក្នុងចន្លោះ៧០ទៅ៩០ %គឺមានសុខភាពល្អប្រសើរ។យុវជនត្រូវបានរៀនបច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមត្រី ដើម្បីត្រឡប់ទៅវិញចេះដោះស្រាយជីវភាព។
ប្រធានមណ្ឌលបន្សាបគ្រឿងញៀនរូបនេះបញ្ជាក់ថាចំពោះយុវជនដែលមកទទួលយកសេវាព្យាបាលបន្សាបគ្រឿងញៀនឃើញថា៥០ទៅ៦០% គឺមានកត្តាជីវភាពខ្វះខាត ដូច្នេះកន្លែងរបស់លោកត្រូវទទួលរាប់រងដោះស្រាយមានអ្នកខ្លះទៀតពុំមានសាច់ញាតិនោះទេក៏ត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលបន្សាបគ្រឿងញៀនរហូតជាសះស្បើយបានវិលទៅភូមិឋានវិញ។
នៅកន្លែងនេះក្នុងមួយខែត្រូវបាននិមន្តព្រះសង្ឃមកដើម្បីរៀបចំកម្មវិធីសមាធិម្ដង។ចាប់តាំងពីមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះក៏កើតឡើងមកដល់សព្វថ្ងៃរយៈពេលមួយឆ្នាំបានជួយព្យាបាលក្រុមយុវជនយុវនារីប្រមាណជិត ២០០នាក់ជាសះស្បើយនិងបានត្រឡប់ទៅកាន់សហគមន៍របស់ខ្លួនវិញ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី















