Wednesday, December 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ទោះបីប្រទេសមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវតែធ្វើការថ្កោលទោស

ហ្សឺណែវ ស្វីស ៖ កម្ពុជា​បង្ហាញ​ពី​ការ​ខូច​ខាត​និង​ផលប៉ះពាល់​​កើត​ចេញ​ពី​​កា​រវាយ​ប្រហារ​របស់​ថៃ រួម​ទាំង​ការ​ស្លាប់​កុមារ​ម្នាក់​ពី​គ្រាប់​បែកចង្កោម។
ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​រៀបរាប់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​កម្ពុជា ដែល​បាន​ក្លាយ​ជា​ជន​ភៀស​សឹក​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ថៃ និង​ការ​ខូច​ខាត​លើ​ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ​​និង​ផល​ប៉ះពាល់​រយៈ​ពេល​យូរ។
ការ​បង្ហាញ​នេះ​ ធ្វើឡើង​ជាមួយ​រដ្ឋភាគី​/រដ្ឋមិនមែន​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​ ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​អន្តរជាតិ​សំខាន់ៗ​ ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋភាគី​លេីក​ទី២២​ នៃ​អនុសញ្ញា​អូតាវ៉ា​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដែលមាន​​ប្រទេស​ជប៉ុន​ជា​ប្រធាន​។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា “ទោះបីប្រទេសនោះមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម ជា​ពិសេស​លេី​ប្រជាជន​ស៊ីវិល​ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងត្រូវតែធ្វើសេចក្តីថ្កោលទោស​” ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ អំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ បានបង្កផលប៉ះពាល់រយៈពេលយូរ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ ឯកឧត្តម បន្តទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែងថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។

ក្នុងស្មារតីនៃអនុសញ្ញានេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរងគ្រោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានទាមទារឱ្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ធ្វើការថ្កោលទោសឱ្យបានខ្លាំងក្លាចំពោះអ្នកប្រើប្រាស់គ្រាប់បែកចង្កោម និងឱ្យទទួលខុសត្រូវចំពោះផលប៉ះពាល់អវិជ្ជមានយូរអង្វែង ជាពិសេសការបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×