ភ្នំពេញ ៖ «ជាការពិត វិស័យអប់រំប្រទេសកម្ពុជាយើងបានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះក្រោយពីប្រទេសមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិតទាំងបរិមាណទាំងគុណភាព។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ ក្មួយៗមានសំណាងដែលបានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់»។ នេះគឺជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិតជាង ២០០ នាក់។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន បូណា ក៏បានចែករម្លែកពីគន្លឹះឬអាថ៌កំបាំងដែលជួយឱ្យយុវជនក្លាយខ្លួនជាមនុស្សពូកែលេចធ្លោក្នុងសង្គមយ៉ាងដូច្នេះថា «ប៉ុន្តែ សូមក្មួយៗចងចាំទុកនូវអាថ៌កំបាំងមួយក្នុងការសិក្សាដើម្បីធ្វើឱ្យខ្លួនយើងពូកែ លេចធ្លោ នោះគឺការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា សូមក្មួយៗចងចាំថា ទោះជាក្មួយទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយ មានសាស្ត្រាចារ្យពូកែយ៉ាងណាក៏ដោយ តែបើក្មួយគ្មានការតាំងចិត្ត និងខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ក្មួយមិនអាចក្លាយជាមនុស្សពូកែដូចកេរ្តិ៍ឈ្មោះរបស់សាលាបានឡើយ។ ផ្ទុយទៅវិញ ទោះបីជាក្មួយរៀននៅលាសាមិនសូវល្បី តែបើក្មួយមានការតាំងចិត្តខិតខំដោយមានគោលដៅច្បាស់លាស់ក្មួយក៏អាចក្លាយជាមនុស្សពូកែលេចធ្លោបានដែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់សម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលមិនបានរៀនសូត្រពីក្មេងដូចកុមារក្នុងសម័យបច្ចុប្បន្នទេ។ បើតាមឯកឧត្តម ប៉ែន បូណា ទោះជាការរៀនសូត្រយឺតពេល និងរៀនក្នុងស្ថានភាពដ៏លំបាក ខ្វះសព្វ ខ្វះគ្រប់ ប៉ុន្តែ ការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត គឺជាគន្លឹះដែលមិនអាចមើលរំលងបានដើម្បីអាចឈរជើងក្នុងសង្គមបានដូចសព្វថ្ងៃ។
សូមបញ្ជាក់ថា បាឋកថានេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី













