ទីក្រុងហ្សឺណែវ ៖ ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ អញ្ជើញថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៩ ស្តីពី៖ ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពហាមឃាត់ និង សម្រួលដល់ការអនុលោមតាម នៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ទីក្រុងហ្សឺណែវ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា បានមានប្រសាសន៍ថា កម្ពុជា សូមថ្លែងអំណរគុណដល់លោកជំទាវប្រធានចំពោះរបាយការណ៍ស៊ីជម្រៅច្បាស់លាស់ ដែលឈរលើចំណុចប្រសព្វនៃកាតព្វកិច្ចផ្នែកច្បាប់ គោលបំណងមនុស្សធម៌ និងមូលដ្ឋានគ្រឹះនៃ បទដ្ឋានស៊ីជម្រៅ ដែលផ្តល់នូវកម្លាំងចលករផ្នែកសីលធម៌ចំពោះអនុសញ្ញានេះ។ នេះមិនមែនគ្រាន់ តែជាអនុសញ្ញានៃការហាមឃាត់នោះទេ ប៉ុន្តែជាកិច្ចព្រមព្រៀងសីលធម៌ជារួមមួយ ដែលបញ្ជាក់ថា សំណល់សង្គ្រាមមិនត្រូវទុកអូសបន្លាយឱ្យមានរយៈពេលយូរជាងជម្លោះដែលបង្កើតវាឡើងនោះទ ហើយអាវុធដែលមិនអាចបែងចែកចំពោះការវាយប្រហារទៅលើយុទ្ធជន ឬជនស៊ីវិលក៏មិនត្រូវមាន វត្តមាននៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិណាមួយដែលផ្អែកលើមូលដ្ឋានច្បាប់ឡើយ។
សម្រាប់កម្ពុជា គោលការណ៍ទាំងនេះមិនមែនអរូបីទេ ប៉ុន្តែជាការពិតជាក់ស្តែង។ គ្រាប់មីនបាន បង្កើតនូវការចងចាំជាប្រវត្តិសាស្ត្រជាតិ និងជះឥទ្ធិពលទៅលើបទពិសោធន៍ប្រចាំថ្ងៃរបស់ប្រជាជន យើង។ កម្ពុជាអនុលោមតាមអនុសញ្ញានេះដោយផ្អែកលើបទពិសោធន៍ ជំនឿសីលធម៌ និងការ យល់ដឹងថា ច្បាប់មនុស្សធម៌ដើរតួនាទីជាស្ថាបត្យកម្មដែលផ្តល់ការការពាររឹងមាំយូរអង្វែង មិនមែនជាឧបករណ៍ដែលបម្រើដល់ការកេងចំណេញនយោបាយនោះទេ។
ឈរលើមូលដ្ឋាននេះ កម្ពុជាបានឆ្លើយតបប្រកបដោយស្មារតីហ្មត់ចត់ និងសុចរិត ទៅនឹងការ ព្រួយបារម្ភទាំងឡាយដែលទាក់ទងនឹងការអនុលោមតាមច្បាប់ រួមទាំងការចោទប្រកាន់របស់ថៃអំពី ការដាក់មីនថ្មីផងដែរ។ ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នោះ ជាក់ស្ដែងបានកើតឡើងនៅក្នុង ទឹកដីកម្ពុជា ដូចបានកំណត់នៅក្នុងផែនទីដែលរៀបចំឡើងក្រោមសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ ១៩០៧ និងត្រូវបានទទួលស្គាល់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ភស្តុតាងដែល ថៃបានអះអាងថាមានគឺជាការលើកឡើងជាឯកតោភាគីទាំងស្រុង ហើយត្រូវបានរៀបចំឡើងដោយ មិនអនុញ្ញាតឱ្យកម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅកាន់ទីតាំងផ្ទាល់នោះទេ។ ភាពមិនច្បាស់លាស់ បែបនេះមិនស្របទៅនឹងស្តង់ដារដែលអាចទុកចិត្តបានតាមផ្នែកវិទ្យាសាស្ត្រ ឬកិច្ចសហប្រតិបត្តិការ ដោយសុច្ឆន្ទៈឡើយ។ ការអះអាងដោយមិនទទួលយកការត្រួតពិនិត្យឯករាជ្យ មិនអាចបង្កើតជាមូលដ្ឋានក្នុងការចោទប្រកាន់អំពីការមិនគោរពច្បាប់ ក្រោមអនុសញ្ញានេះបានទេ។
ឯកឧត្តម បានថ្លែងបន្តទៀតថា បញ្ហានេះមិនមែនជាការប្រកួតប្រជែងក្នុងការរៀបរាប់អំពីដំណើររឿងនោះទេ ប៉ុន្តែជាការពិនិត្យ លើវិធីសាស្ត្រ។ ការវាយតម្លៃទៅលើការអនុលោមតាមអនុសញ្ញានេះត្រូវផ្អែកលើភស្តុតាងដែលអាច ផ្ទៀងផ្ទាត់បាន ការវិភាគដោយមិនលម្អៀង និងការផ្ទៀងផ្ទាត់ដែលឈរលើមូលដ្ឋាននៃកិច្ចសហ- ប្រតិបត្តិការ។ កម្ពុជាបានគូសបញ្ជាក់ជារឿយៗថា ការពិតនៅក្នុងបរិបទនៃការរំសាយសព្វាវុធក្នុង គោលបំណងមនុស្សធម៌កើតចេញពីភាពហ្មត់ចត់ តម្លាភាព និងការស៊ើបអង្កេតរួមគ្នា មិនមែនកើត ចេញពីការអះអាងជាឯកតោភាគីនោះទេ។
ជាក់ស្ដែង ដោយកម្ពុជាគោរពកាតព្វកិច្ចរបស់ខ្លួន យើងត្រូវបង្ហាញអំពីការព្រួយបារម្ភយ៉ាង ខ្លាំងរបស់យើងចំពោះការប៉ុនប៉ងឥតឈប់ឈររបស់ថៃ ក្នុងការធ្វើឱ្យយន្តការអនុលោមតាមអនុសញ្ញ នេះក្លាយជាឧបករណ៍នយោបាយ ដោយប្រើប្រាស់បញ្ហានេះ ដើម្បីកេងចំណេញនយោបាយ និង បញ្ហាទឹកដី។ យន្តការទាំងនេះត្រូវបានបង្កើតឡើង ដើម្បីការពារអនុសញ្ញា មិនមែនដើម្បីប្រើប្រាស់ ជាឧបករណ៍ក្នុងជម្លោះទ្វេភាគី ឬឧបករណ៍សម្រាប់ការផ្ញើសារជាយុទ្ធសាស្ត្រនោះទេ។ រដ្ឋភាគី មិនគួរអនុញ្ញាតឱ្យមានការបង្កាច់បង្អួចបែបនេះទេ។
កម្ពុជាពុំបានឆ្លើយតបដោយការប៉ាន់ស្មាននោះទេ ប៉ុន្តែដោយមានភាពច្បាស់លាស់ និងដោយ មានភស្តុតាង។ យើងបានផ្ដល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេស បរិបទប្រវត្តិសាស្ត្រ និងទិន្នន័យ ភូមិសាស្ត្រច្បាស់លាស់ ដែលទាំងអស់នេះមានរៀបរាប់ក្នុងឯកសារបំភ្លឺគ្រប់ជ្រុងជ្រោយដែលយើងបានដាក់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិរួចហើយ។ នេះបញ្ជាក់សារជាថ្មីនូវកំណត់ត្រា ដ៏រឹងមាំរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីដែលមានគោលការណ៍ និងប្រកបដោយភាពស្ថាបនា និងកិច្ចសហប្រតិបត្តិការ។
ការធ្វើនយោបាយភាវូបនីយកម្មបែបនេះប៉ះពាល់ទៅដល់សុចរិតភាពនៃមាត្រា ៨ បំផ្លាញ ទំនុកចិត្តលើគ្នាទៅវិញទៅមកដែលជាកត្តាសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋភាគី និងបង្ក ជាហានិភ័យក្នុងការផ្លាស់ប្ដូររបបច្បាប់មនុស្សធម៌ទៅជាវេទិកាសម្រាប់ការរៀបចំបំភ្លឺជាយុទ្ធសាស្ត្រ។
ប្រសិនបើមិនត្រួតពិនិត្យឱ្យបានត្រឹមត្រូវទេ បញ្ហានេះនឹងធ្វើឱ្យអនុសញ្ញានេះមានការចុះខ្សោយ សម្រាប់រដ្ឋភាគីទាំងអស់ ហើយនិងធ្វើឱ្យប៉ះពាល់ដល់ភាពមិនលំអៀង ភាពស្របច្បាប់ និងលក្ខណៈ មនុស្សធម៌ផងដែរ។
ក្នុងន័យនេះ យើងត្រូវរំលឹកឡើងវិញថា មាត្រា ៨ មិនមែនទុកសម្រាប់ប្រើប្រាស់ជាផ្លូវកាត់ដើម្បី ធ្វើការចោទប្រកាន់ជាឯកតោភាគី ឬប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយឡើយ។ មាត្រានេះត្រូវ បានបង្កើតឡើងដើម្បីលើកកម្ពស់ទំនុកចិត្ត មិនមែនលើកកម្ពស់ការសង្ស័យទេ ហើយទាមទារឱ្យ មានកិច្ចសហប្រតិបត្តិការ មិនមែនទាមទារឱ្យមានការប្រឈមមុខដាក់គ្នានោះទេ។ ឯកសារប្រវត្តិនៃ ការរៀបចំតាក់តែងអនុសញ្ញានេះបញ្ជាក់ថា មាត្រា ៨(១) បង្កើតកាតព្វកិច្ចចាំបាច់ដែលតម្រូវឱ្យ ស្វែងរកការបំភ្លឺតាមរយៈការពិគ្រោះយោបល់ដោយផ្ទាល់ជាមុនសិន ហើយមាត្រា ៨(២) គ្រាន់តែជាយន្តការលក្ខខណ្ឌ ដែលត្រូវយកមកប្រើប្រាស់នៅពេលដែលកិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវបាន អនុវត្តយ៉ាងពិតប្រាកដហើយ ប៉ុន្តែនៅតែមិនទាន់អាចរកដំណោះស្រាយបានទៀត។ ការប្រើប្រាស់ មាត្រា ៨(២) របស់ថៃ ដោយមិនបានបំពេញកាតព្វកិច្ចខ្លួនក្រោមមាត្រា ៨(១) ជាមុនសិន បង្ហាញ
អំពីចេតនាក្នុងការប្រើប្រាស់ឧបករណ៍អនុលោមភាពរបស់អនុសញ្ញានេះសម្រាប់គោលបំណងដែលមិនទាក់ទងនឹងសកម្មភាពមីនទាល់តែសោះ។ ការអនុវត្តបញ្ច្រាសបែបនេះមិនត្រឹមតែលាវចាកពី លំដាប់លំដោយផ្លូវច្បាប់ដែលកំណត់ដោយអនុសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយការស៊ើបអង្កេត ដោយផ្អែកលើការពិតទៅជាការប្រឈមមុនដាក់គ្នាវិញ ហើយនេះជារំលោភបំពានលើដំណើរការ ដែលអ្នករៀបចំសេចក្តីព្រាងអនុសញ្ញាព្យាយាមការពារ។ កម្ពុជាសូមបដិសេធចំពោះការប្រើប្រាស់ខុសមាត្រាបែបនេះ។
ឯកអគ្គរាជទូត អុិន តារា បានបញ្ជាក់បន្ថែមទៀតថា ការរំសាយសព្វាវុធក្នុងគោលបំណងមនុស្សធម៌មិនមែនទ្រទ្រង់ដោយភាពសមស្របខាងផ្នែក នយោបាយនេះទេ ប៉ុន្តែត្រូវបានទ្រទ្រង់ដោយការប្រព្រឹត្តតាមគោលការណ៍។ អំណាចនៃអនុសញ្ញា នេះស្ថិតនៅលើភាពសុចរិតនៃដំណើរការ ភាពត្រឹមត្រូវនៃភស្តុតាង និងការប្រព្រឹត្តដោយស្មោះត្រង់ របស់រដ្ឋភាគី។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាត្រូវបានចងក្រងនៅក្នុងប្រវត្តិសាស្ត្រ ការទទួលខុសត្រូវ ផ្នែកច្បាប់ និងភាពចាំបាច់ដែលមិនចង់ឃើញសហគមន៍ណាមួយ ទោះស្ថិតនៅកន្លែងណាក៏ដោយ ត្រូវស៊ូទ្រាំនឹងទុក្ខវេទនាដូចដែលប្រជាជនកម្ពុជាបានស្គាល់នោះទេ។
អាស្រ័យហេតុនេះ កម្ពុជាសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ការពារអនុសញ្ញានេះ ប្រឆាំង នឹងការធ្វើនយោបាយ រក្សាសុចរិតភាពនៃនីតិវិធី និងភស្តុតាងនៅក្នុងមាត្រា៨ និងធានាថាការ ពិភាក្សាវែកញែកត្រូវផ្អែកលើមូលដ្ឋានរឹងមាំនៃសច្ចភាព កិច្ចសហប្រតិបត្តិការ និងគោលបំណង មនុស្សធម៌ដែលបានជម្រុញឱ្យមានអនុសញ្ញានេះឡើង។
កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកបដោយភាពស្ថាបនា តម្លាភាព និងការអនុលោម តាមគោលការណ៍ដែលបានណែនាំនៅក្នុអនុសញ្ញានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









