ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយនិងសូមចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆ្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព” ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។
ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រួមចំណែក ដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុពួកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់ បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។ ការប្រារព្ធ ទិវាជាតិអ្នកនិពន្ធ លាស្រ្តជាតិនិងវស័យអប់រំ។ ការប្រារព្ធ ទិវាជាតិអ្នក ជារៀងរាល់ឆ្នាំក៏សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃ នៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិតដើម្បីទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោត ការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួម ការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈដ្ឋានទូទៅ។
មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋនិង នវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងការបោះពុម្ពសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅជាអាទិភាព របស់យើងគឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យអត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ ផលប្រយោជន៍សង្គមជាធំ។ ជាមួយគ្នានេះ តាមរយៈក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធផងនោះ បានបន្តពង្រឹងសកម្មភាពកសាងច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ លើវិស័យ កម្មសិទ្ធិបញ្ញានេះ។
ជាការពិតណាស់ “ទិវាជាតិអ្នកនិពន្ធ” គឺជាចំណែកមួយដែលបានចូលរួមដល់ការសម្រេចបាននូវគោលបំណង និងទិសដៅគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ តាមរយៈសកម្មភាពចូលរួមលើកស្ទួយ និងជំរុញឧស្សាហកម្ម វប្បធម៌ផ្តោតលើសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីលើគ្រប់ផ្នែកដូចជាតន្ត្រីសោតទស្សន៍ ភាពយន្ត ការបោះពុម្ព សិល្បៈទស្សនីយភាព សិប្បកម្ម វិចិត្រកម្ម តម្បាញ ប្រពៃណី ការច្នៃម៉ូត និងទៅដល់ការ ផ្សារភ្ជាប់វិស័យវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញាណជាតិ ការលើកស្ទួយសីលធម៌និង កិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌។
ឆ្លៀតក្នុងឱកាសនៃទិវាជាតិអ្នកនិពន្ធនាឆ្នាំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដទៃទៀត សូមចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធ និងសូមចូលរួម ផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី សុច្ឆន្ទៈ មនសិការជាតិ ដល់មន្ត្រីរាជការ នគរបាល កងយោធពលខេមរភូមិន្ទ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត កវីនិពន្ធ អ្នកនិពន្ធ និង ប្រជាពលរដ្ឋទូទៅឱ្យកាន់តែគាំទ្រនិងចូលរួមពង្រឹងការអាន ការតែងនិពន្ធ ការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ ការចូលរួមឧបត្ថម្ភជាសម្ភារៈថវិកា ក៏ជាកាយវិការដ៏មានតម្លៃដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែរឹងមាំផងដែរ។
ជាថ្មីម្ដងទៀត សម្តេចធិបតី ក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ អ្នកនិពន្ធ កវីនិពន្ធ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិដែលជាកេរដំណែលវប្បធម៌ដ៏ពិសិដ្ឋរបស់ជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




