Friday, December 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាស « ទិវាជាតិអាកាសចរណ៍ស៊ីវិល » លើកទី១ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានថ្លែងគាំទ្រនូវការកំណត់នូវប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកប ដោយចីរភាព នៅព្រះរាជាណាចក្រកម្ពុជា» ដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមពលរដ្ឋទូទាំងប្រទេស បណ្តាស្ថាប័នរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និង បណ្តាភាគីពាក់ព័ន្ធផ្សេងៗទៀត អំពីសារៈសំខាន់នៃវិស័យអាកាសចរណ៍ស៊ីវិល មិនគ្រាន់តែចូលរួមចំណែកក្នុងការ រក្សាបាន និងលើកកម្ពស់នូវសុវត្ថិភាពនិងសន្តិសុខដល់បងប្អូនជនរួមជាតិក្នុងការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះទ
វិស័យអាកាសចរណ៍ស៊ីវិលថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យគន្លឹះសំខាន់មួយន សេដ្ឋកិច្ចជាតិ តាមរយៈការកែលម្អសេវាកម្មអាកាសចរណ៍ និងការសាងសង់អាកាសយានដ្ឋានទំនើបៗ បានធ្វើ ឱ្យមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយជួយបង្កើន ចំណូលជាតិ បង្កើតការងារ និងឱកាសអាជីវកម្មថ្មីៗ។ លើសពីនេះទៅទៀត វិស័យអាកាសចរណ៍ស៊ីវិលក៏ជួយលើក ស្ទួយការរីកចម្រើនសង្គមនិងវប្បធម៌ ដោយតាមរយៈការតភ្ជាប់ការហោះហើរតាមផ្លូវអាកាសកាន់តែច្រើន បានជំរុញ ឱ្យមានការផ្លាស់ប្ដូរវប្បធម៌ ការទាក់ទងជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។

តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវអំណរសាទរ និងចូលរួម ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្នុងការប្រារព្ធទិវាអាកាស ចរណ៍ស៊ីវិលអន្តរជាតិ នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីជួយបង្កើតនិងពង្រឹងការយល់ដឹង នៅព្រះរាជាណាចក្រកម្ពុជា និងទូទាំងពិភពលោក អំពីសារៈសំខាន់នៃអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមជំរុញ សេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។
វិស័យអាកាសចរណ៍ស៊ីវិល ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលំហូរអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ដើម្បី ចូលរួមចំណែកអភិវឌ្ឍទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្មនិងការផ្សារភ្ជាប់ទំនាក់ទំនងសង្គមកាន់តែច្រើន ក៏ដូចជា ការចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ ក្រោមយន្តការនៃការធ្វើសេរីភាវូបនីយកម្មនៃការដឹកជញ្ជូនតាមផ្លូវ អាកាសទ្វេភាគី និងពហុភាគីអាស៊ាន។ លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុង តភ្ជាប់ជើងហោះហើរជាមួយ១៦ប្រទេស និង ៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់ អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។ ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក រួមមាន៖
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០ លានដុល្លារអាមេរិក ជាគម្រោង Build – Own – Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារអាមេរិក ដែលបានសម្ភោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ការប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើង គឺ
ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ដែលបានសម្រេច ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងស្របតាមស្មារតីរបស់អង្គការអាកាស ចរណ៍ស៊ីវិលអន្តរជាតិ(International Civil Aviaiton Organization – ICAO)ផងដែរ ដែលបានបង្កើតនិង ប្រារព្ធពិធី «ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក» ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបន ការចុះហត្ថលេខាអនុសញ្ញាស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ដែលត្រូវបានគេស្គាល់ថា ជាអនុសញ្ញាឈីកាហ្គ–Chicago Convention) និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក។

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេស ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុង ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអនុវត្តការកែទម្រង់វិស័យអាកាសចរណ៍ស៊ីវិល ប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការ បង្កើនភាពប្រកួតប្រជែង និងមុំទី២ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាតនិងវិស័យឌីជីថល។
ជាមួយគ្នានឹងការគាំទ្រនូវប្រធានបទ «អាកាសចរណ៍ស៊ីវិលដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញ សេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព នៅព្រះរាជាណាចក្រកម្ពុជា» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ដាក់ចេញនូវវិធានការនិងការណែនាំ ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋនិងឯកជន ដូចខាងក្រោម៖
១). រៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលអាកាសចរណ៍នានា ដែលបាន សម្រេចក្នុងឆ្នាំនីមួយៗ។
២). រៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្សនិងនិស្សិតនៅតាមគ្រឹះស្ថានអប់រំ ដើម្បីទស្សនាលើ ប្រតិបត្តិការជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុនគ្រប់គ្រង ចរាចរណ៍តាមផ្លូវអាកាស។
៣). រៀបចំកម្មវិធីឃោសនាអប់រំស្តីពី ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
សារៈសំខាន់នៃអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងការចូលរួមជំរុញការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការងារ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។ ផ្តួចផ្តើមការកសាងនវានុវត្តន៍ និងការការពារបរិស្ថាន ក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ ជំរុញការទាក់ទាញយុវជននិងយុវនារី ចូលរួមបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា។ ៤). រៀបចំយុទ្ធនាការតាមបណ្ដាញសង្គម ដើម្បីចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្ដែង និងទិន្នន័យ នៃការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលក្នុងប្រទេស តំបន់ និងអន្ដរជាតិ។
៥). រៀបចំពិធីប្រគល់ពានរង្វាន់និងប័ណ្ណសរសើរដល់បុគ្គលិកទាំងរដ្ឋនិងឯកជន ដែលមានស្នាដៃឆ្នើម ក្នុងការបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

×