ហ្សឺណែវ ប្រទេសស្វីស៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ជួបទ្វេភាគីជាមួយ លោក Dominique Burgeon នាយកអង្គការស្បៀងអាហារនិងកសិកម្ម (FAO)របស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ FAO ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីន ជាពិសេសការរួមចំណែកដ៏សំខាន់សម្រាប់សកម្មភាពអភិវឌ្ឍន៍ជាតិ តាមរយៈការលេីកកម្ពស់វិស័យកសិកម្ម។
ឯកឧត្ដម លី ធុជ បន្តទៀត ផ្ទៃដីបោសសម្អាតមីនរួចប្រមាណជាង៧០% ត្រូវបានយកមកប្រើប្រាស់សម្រាបវិស័យកសិកម្ម និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសេីរឡេីង។
លោក Dominique Burgeon បានវាយតម្លៃខ្ពស់ដល់សមិទ្ធផលសកម្មភាពមីនកម្ពុជា ព្រមទាំងបានបង្ហាញពីកិច្ចការសំខាន់ៗមួយចំនួនរបស់អង្គការ FAO និងចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់សកម្មភាពរបស់ប្រជាជន ជាពិសេសលើវិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួចរាល់។
លោក Dominique Burgeon គ្រោងនឹងរៀបចំឱ្យមានការពិភាក្សាជាបន្តបន្ទាប់ទៀត ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងគ្នា បានចេញជារូបរាងឡេីង៕ រក្សាសិទ្ធដោយ៖សុទ្ធលី





