ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ខែធ្នូនេះបានមានប្រសាសន៍ថា ស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ ប្រតិភាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃនេះ ខ្ញុំសូមជម្រាបសាធារណជនជាតិ និងអន្តរជាតិ អំពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញមួយករណី។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ប្រតិបត្តិការនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា រួមទាំងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមទាំងជាមួយបណ្ដាប្រទេសជាដៃគូ។
ជម្រាបដោយសង្ខេប នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះនៃផែនការងារសន្តិសុខ ផែនការងារអន្តោប្រវេសន៍ និងអធិការដ្ឋាននគរបាលឫស្សីកែវ បងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិកូរ៉េ ៧នាក់ (ស្រី២នាក់) ជនជាតិខ្មែរ ២នាក់ (អ្នកបើកបររថយន្ត) និងដកហូតវត្ថុតាង រួមមាន កុំព្យូទ័រយួរដៃ Laptop ចំនួន៦គ្រឿងកុំព្យូទ័រ All in one ចំនួន៤គ្រឿង ម៉ូនីទ័រចំនួន៦គ្រឿង និងiPad ចំនួន៨គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងត្រួតពិនិត្យ និងកោសល្យវិច័យបឋមស្វែងរកបទល្មើសក្នុងឧបករណ៍ទាំងនោះ។
ដូចសាធារណជនជាតិ និងអន្តរជាតិជ្រាបស្រាប់ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ គឺជាបទល្មើសថ្មី មានភាពប្រទាក់ក្រឡា ស្មុគស្មាញ មានអង្គការចាត់តាំង មេខ្លោង ខ្សែបណ្ដាញ អ្នកសហការបង្កលក្ខណៈ និងអ្នកប្រព្រឹត្ត ធ្វើសកម្មភាពបញ្ជា ដឹកនាំ និងអនុវត្តចេញពីទីតាំងច្រើនកន្លែងពាសពេញពិភពលោក។ ការងារនេះទាមទារជាចាំបាច់ ស្មារតីយកចិត្តទុកដាក់អនុវត្តរបស់កងកម្លាំងមានសមត្ថកិច្ច កម្ពុជា និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានប្រកបដោយសុច្ឆន្ទៈ និងវិជ្ជាជីវៈ ពីកម្លាំងអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ថា ” ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងនីតិកាលកន្លងមក និងបច្ចុប្បន្នមាន សម្ដេចមហាបវរធិបតី ជាប្រមុខដឹកនាំបន្តវេន បានដាក់ចេញគោលនយោបាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី ដូចយ៉ាងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ដើម្បីម្យ៉ាងធានាឱ្យបាននីតិរដ្ឋនៅផ្ទៃក្នុងប្រទេស និងម្យ៉ាងដើម្បីជួយសង្គ្រោះមនុស្សជាតិលើពិភពលោកគ្រប់ជាតិសាសន៍ មិនឱ្យរងគ្រោះ និងបន្តរងគ្រោះ ដោយសារបទល្មើសជាសកលគ្រប់ប្រភេទ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី










