ភ្នំពេញ ៖ ពិធីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួង លេខ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង។ ពិធីនេះមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួន ២២៥នាក់។
បើតាម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កម្មវិធីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ គឺជាកម្មវិធីឆ្លាតវៃមួយដែលអនុញ្ញាតឱ្យស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុ អាចបញ្ចូលទិន្នន័យពាក់ព័ន្ធនឹងថវិកាឃុំ សង្កាត់ប្រចាំឆ្នាំ និងធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅតាមរដ្ឋបាលឃុំ សង្កាត់សាមីនីមួយៗ។ ឯកឧត្តម អគ្គនាយកបានឱ្យដឹងទៀតថា កម្មវិធីនេះ គឺមានភាពងាយស្រួល ដោយសារអ្នកប្រើប្រាស់នៅរដ្ឋបាលឃុំ សង្កាត់ អាចបញ្ចូលទិន្នន័យបានជាមួយនឹងមុខងារបញ្ចូលទិន្នន័យ ដោយមិនចាំបាច់ប្រើប្រាស់សេវាអ៉ីនធឺណិត ក្នុងករណីឃុំ សង្កាត់ ណាមួយមិនសូវមានសេវាអ៉ីនធឺណិតគ្រប់គ្រាន់ ដោយអ្នកប្រើប្រាស់គ្រាន់តែបញ្ចូលទិន្នន័យអំពីការរៀបចំថវិកាប្រចាំឆ្នាំ និងរក្សារទុកបណ្ដោះអាសន្នក្នុងទូរសព្ទដៃ ឬថេប្លេត(Tablet) ឬអាយផេត(IPAD)។
ឯកឧត្តមបញ្ជាក់ទៀតថា ប្រព័ន្ធថ្មីនេះ បានអនុវត្តសាកល្បងជាច្រើនលើកច្រើនសារជាមួយមន្ត្រីទទួលបន្ទុកឃុំ សង្កាត់ នៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធានាថាប្រព័ន្ធថ្មីនេះ អាចដំណើរការបានដោយរលូនមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ និងអាចឱ្យប្រជា-ពលរដ្ឋបានទទួលព័ត៌មានពាក់ព័ន្ធនឹងដំណើរការរៀបចំ អនុម័ត និងអនុវត្តថវិការបស់រដ្ឋបាលឃុំ សង្កាត់បានលឿន ឆាប់រហ័ស និងទាន់ពេលវេលា។
ឯកឧត្តម កែវ ប៉េងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការជំរុញ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយធានាថាធនធានហិរញ្ញវត្ថុរបស់ជាតិ ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព នៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រព័ន្ធតាមដានថវិកានេះ នឹងជួយឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចតាមដាន និងត្រួតពិនិត្យការអនុវត្តថវិកាឃុំ សង្កាត់ បានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីធានាថាថវិកាត្រូវបានចំណាយចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
បើតាមលោកបណ្ឌិត វីល ផាកស៍ Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា សារាចរអន្តរក្រសួងនេះ ជាឱកាសដ៏សំខាន់មួយក្នុងការធានាថា ថវិកានៅមូលដ្ឋានត្រូវបានប្រើប្រាស់ដើម្បីវិនិយោគទៅលើសេវាសំខាន់ៗ ដែលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ដូចជា សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងអនាម័យបរិស្ថានជាដើម។ លោកបានគូសបញ្ជាក់ថា ប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនតម្លាភាព និងគណនេយ្យភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងជំនឿទុកចិត្តរបស់សាធារណជន និងដៃគូអភិវឌ្ឍន៍។ លោកក៏បានគូសបញ្ជាក់ថា អង្គការយូនីសេហ្វ មានមោទនភាព ក្នុងការគាំទ្រពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស និងដាក់ដំណើរការប្រព័ន្ធនេះគ្របដណ្តប់នៅទូទាំងប្រទេស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនៃការដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយពេលនេះកើតចេញពី ភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) ដែលស្ថិតក្រោមឆ័ត្រនៃ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងគោលដៅដើម្បី លើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយ ប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម៕ រក្សាសិទ្ធដោយ៖សុទ្ធលី















