គូឡាឡាំពួ ៖ លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាពីជម្លោះដែលកំពុងកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២។
លោក អាន់វ៉ា បានបញ្ជាក់ថា ជំនួបតាមទូរស័ព្ទខាងលើធ្វើឡើងកាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានភ្ជាប់ការជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពតានតឹងដែលកំពុងកើតមាននៅតាមព្រំដែនរួមគ្នារបស់ពួកគេកាលពីម្សិលមិញ។» លោក អាន់វ៉ា បានគូសបញ្ជាក់ថា « ខ្ញុំសូមកោតសរសើរចំពោះភាពបើកចំហ និងឆន្ទៈរបស់មេដឹកនាំទាំងពីរក្នុងការបន្តការចរចាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការយល់ខុសដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។»
ខណៈមិនទាន់ដំណោះស្រាយចុងក្រោយណាមួយត្រូវបានឈានដល់ ការបន្តកិច្ចប្រឹងប្រែងការទូតបានធានាអាចធានា កុំឱ្យឧបទ្ទវហេតុធ្ងន់ធ្ងរកើតឡើងថែមទៀតក្នុងពេលវេលាដ៏សំខាន់នេះ។
លោក អាន់វ៉ា បន្ថែមថា ប្រទេសម៉ាឡេស៊ីនឹងបន្តគាំទ្រការសន្ទនាដោយសន្តិវិធី ដំណោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារស្ថិរភាព និងសន្តិសុខនៃតំបន់រួមរបស់យើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី



