Wednesday, December 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយការទទួលខុសត្រូវ ជៀសវាងការរំលោភ ឬប៉ះពាល់ដល់លើសិទ្ធិសេរីភាព កិត្តិយស ឬសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបទី៧៧ ក្រោមប្រធានបទ “ការថែរក្សាសន្តិភាព និងការគោពសិទ្ធិមនុស្ស” ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន តំណាងស្ថានទូត តំណាងអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) តំណាងអង្គការសង្គមស៊ីវិល សិល្បៈករ សិល្បៈការី និងនិស្សិត ប្រមាណ ៧០០ នាក់ នៅសាលសន្និសីទចតុមុខ។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានមានប្រសាសន៍ថា ប្រធានបទខាងលើ បានឆ្លុះបញ្ចាំងពីតថភាពនិង​ស្ថានភាព​នៃពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន ជាពិសេស សម្រាប់ប្រទេសកម្ពុជាដែលសន្ដិភាពទទួលបានមកយ៉ាងលំបាកបំផុត។ សន្ដិភាពនិងសិទ្ធិមនុស្ស មានអន្តរកម្មនិងគាំទ្រគ្នាទៅវិញទៅមក ពោលគឺ មានសន្ដិភាពទើបមនុស្សគ្រប់រូបមានឱកាសទទួលបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន និងមានការការពារសិទ្ធិមនុស្ស ទើបអាចថែរក្សាសន្ដិភាពបានគង់វង្សយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងពីគុណតម្លៃនៃសន្តិភាព ហើយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្ដមកសម្ដេចធិបតី តែងតែផ្ដល់ជាអាទិភាពខ្ពស់បំផុតលើការ​ថែរក្សាសន្តិភាព មានសន្តិភាពគឺជាការការពារសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានដំបូងបំផុតរបស់មនុស្ស។ សន្តិភាពបានផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសុខាភិបាល សង្គមកិច្ច សេដ្ឋកិច្ច អប់រំ ការងារ សិទ្ធិស្ត្រី កុមារ ជនមានពិការភាព ជនងាយរងគ្រោះ ការកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក និងការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជន។

បន្ថែមពីនេះ ឯកឧត្តមបានរម្លឹកនូវគោលនយោបាយសំខាន់របស់សម្ដេចធិបតី «មិនទុកនរណាម្នាក់ឱ្យនៅឯកា» ជាពិសេសក្រុមងាយរងគ្រោះ ដូចជា ស្រ្តី កុមារ ជនមានពិការភាព និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។ ឯកឧត្តមបានដោសង្កត់ធ្ងន់ថា មនុស្សគ្រប់រូបគួរត្រូវបានគោរពសិទ្ធិ ដោយគ្មានការរើសអើង ហើយទាំងអស់គ្នាត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួនស្របតាមច្បាប់ ដោយគោរព និងមិនត្រូវបំពានសិទ្ធិអ្នកដទៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា ការប្រារព្ធទិវាសិទ្ធិមនុស្សនៅឆ្នាំនេះ ធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងប្រឈមនូវជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយការឈ្លានពានពីយោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ាន រំលោកច្បាប់អន្តរជាតិ និងរំលោភគោលការណ៍មនុស្សធម៌អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានបង្ហាញជំហរយ៉ាងច្បាស់លាស់ក្នុងការប្ដេជ្ញាថែរក្សាសន្តិភាព ការដោះស្រាយជំលោះដោយសន្តិវិធី និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនប្រកបដោយភាពអត់ធ្មត់ជាទីបំផុត តាមស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំង​សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាព បើទោះជាភាគីថៃបានធ្វើសកម្មភាពបង្កហេតុ ញុះញង់ និងអុជអាលម្ដងហើយម្ដងទៀតមកលើកម្ពុជា ព្រោះកម្ពុជាយល់ច្បាស់ពីគុណតម្លៃនៃសន្ដិភាព និងផលវិបាកនៃសង្គ្រាម។ ចំពោះពលិកម្មរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារជាតិមាតុភូមិប្រឆាំងនឹងសត្រូវឈ្លានពាន គឺជាការលះបង់ដែលពោរពេញដោយមោទនភាព និងទទួលបានការគោរពកោតស្ញប់ស្ញែងជាទីបំផុត ទាំងសម្រាប់វីរកងទ័ពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ រួមទាំងប្រជាជាតិខ្មែរទាំងមូល។ ត្បិតតែប្រទេសកម្ពុជាតូច ឱ្យតែខ្មែរគ្រប់ស្រទាប់វណ្ណៈ និងពីគ្រប់ទិសទី រួបរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ នោះប្រទេសយើងនឹងខ្លាំងក្លារឹងមាំ ហើយប្រទេសជិតខាងនឹងលែងហ៊ានមើលងាយយើងបន្ដទៀតដែរ។ ហេតុនេះ សូមប្រជាជនខ្មែរទាំងអស់សាមគ្គីភាពគ្នា និងជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី និងចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងក្រុមគ្រួសារពួកគាត់តាមលទ្ធភាព ហើយកុំជឿតាមការញុះញង់ និងបំបែកបំបាក់ពីមជ្ឈដ្ឋានណាមួយឡើយ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយការទទួលខុសត្រូវ ជៀសវាងការរំលោភ ឬប៉ះពាល់ដល់លើសិទ្ធិសេរីភាព កិត្តិយស ឬសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ និងប្រើប្រាស់ក្នុងក្របខណ្ឌនៃច្បាប់កំណត់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តប្តេជ្ញាសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីថែរក្សាសន្តិភាព និងការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×