ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងស្ថាប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលកម្ពុជា-វៀតណាម នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ នៅក្នុងវិស័យអក្សរសម្ងាត់។ នេះបើតាមខ្លឹមសារលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ង្វៀន ហៀវហុង អនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះ ឯកឧត្ដមភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងនូវក្តីសោមនស្សរីករាយ ចំពោះឯកឧត្ដម អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៦ រវាងស្ថាប័នអក្សរសម្ងាត់ នៃប្រទេសទាំងពីរ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធ នៅក្នុងវិស័យអក្សរសម្ងាត់ ដោយនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ។
ក្នុងឱកាសនោះដែរប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើការសាកសួរសុក្ខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រវិស័យអក្សរសម្ងាត់ដល់ភាគីកម្ពុជា នាពេលកន្លងមក។
ជាការឆ្លើយតប ឯកឧត្តមអនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតជូន ឯកឧត្តម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនាឱកាសនោះ។
មុននឹងបញ្ចប់ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវិស័យអក្សរសម្ងាត់រវាងភាគីទាំងពីរ ព្រោះវិស័យអក្សរសម្ងាត់ដើរតួនាទីសំខាន់ប្រៀបដូចជាខែលការពាររាល់ការសម្ងាត់របស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខ ជូនជាតិ និងប្រជាជន ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព ភាពសុខដុម-រមនា ផ្ដល់លទ្ធភាពដល់ការបន្តការអភិវឌ្ឍសង្គមជាតិ កាន់តែរីកចម្រើន៕ រក្សាសិទ្ធដោយ៖សុទ្ធលី













