ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៍មានស្តីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៨ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា គិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៨ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលបានផ្ដើមឡើងជាថ្មីទៀតចាប់ពីថ្ងៃ ទី៧ ខែធ្នូមកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពជនស៊ីវិល ព្រមទាំងបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង ដូចខាងក្រោម៖
១-ករណីស្លាប់ និងរបួស៖ នៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋស្លាប់ចំនួន១នាក់ និងរបួសចំនួន៩ នាក់ (ធ្ងន់១នាក់)។ គិតរហូតមកដល់ល្ងាចថ្ងៃទី១០ ខែធ្នូ នេះ ចំនួនពលរដ្ឋខ្មែរស្លាប់សរុបបានកើនដល់ ១០នាក់ ខណៈពលរដ្ឋរងរបួសមានប្រមាណ៦០នាក់ ភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដោយក្រុមគ្រូពេទ្យ។
២-ករណ៏ភៀសសឹក៖ ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.៤៧៧គ្រួសារ ស្មើនឹងមនុស្ស ចំនួន២២.៣៩០នាក់។ ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់១១.៦០៧គ្រួសារ ស្មើនឹងមនុស្ស ចំនួន៣៩.៩៤៥នាក់។ ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់២២.៧៩៩គ្រួសារ ស្មើនឹងមនុស្ស ចំនួន៨០.៤៤៧នាក់ (កុមារ២៤.៧០៨នាក់)។ ខេត្តបាត់ដំបង មានជនភៀសសឹកកើនដល់៨១៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣.២៨៦នាក់។ ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៩០០គ្រួសារ ស្មើនឹង មនុស្សចំនួន៣,២២១នាក់។ ខេត្តកោះកុង មានប្រជាជនប្រមាណ៦០% នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងក្នុងក្រុងខេមរភូមិន្ទមួយចំនួនទៀត បានចាកចេញទៅកាន់លំនៅឋានសាច់ញាតិតាមបណ្តាស្រុក និង ខេត្តដទៃ ព្រមទាំងរាជធានីភ្នំពេញ ខណៈពលរដ្ឋចំនួន៦៣នាក់ផ្សេងទៀត បានភៀសខ្លួនពីតំបន់ហានិភ័យ មកកាន់ក្រុងខេមរភូមិន្ទ។ នៅខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់១៣.៥៥១គ្រួសារ ស្មើនឹង មនុស្សចំនួន៤៤.៥២៧នាក់។ សរុបចំនួនជនភៀសសឹកបានកើនដល់ជាង ៥ម៉ឺន ៦ពាន់គ្រួសារ ស្មើនឹងមនុស្ស ជាង១សែន ៩ម៉ឺននាក់។ រហូតមកដល់យប់នេះ នៅតែបន្តមានចលនាពលរដ្ឋភៀសសឹកគ្រប់មូលដ្ឋានខេត្ត ពាក់ព័ន្ធ។
៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទ បុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ដោយសារភាគីថៃបានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិល រហូត ដល់ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីព្រំដែន។ ជាការកត់សម្គាល់ សេវាជាមូលដ្ឋានដែលអាជ្ញាធរត្រូវផ្ដល់ និង ពលរដ្ឋត្រូវទទួលបាន បានផ្អាកស្ទើរទាំងស្រុង ខណៈសាលារៀនរដ្ឋ និងឯកជនចំនួន៨៨៣កន្លែង បានបិទ ទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង ២សែន ៨ពាន់នាក់។ នេះមិនទាន់គិតដល់ផលវិបាក នៃ ផ្សែងពុល ដែលថៃបន្តប្រើប្រាស់ដោយគ្មានសតិសម្បជញ្ញៈមកលើដែនអធិបតេយ្យកម្ពុជាផង។
ជាថ្មីទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្ដុភារជាន់ខ្ពស់ន កងយោធពលខេមរភូមិន្ទ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ប្រតិភាណរបស់ជាតិ និងប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ កងកម្លាំងកម្ពុជា ទាំងកម្លាំងកងយោធពល ខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យ ភាពជាតិ ប្រកបដោយភាពម្ចាស់ការ និងរឹងមាំនៅគ្រប់សមរភូមិប្រយុទ្ធ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ក្រសួង- ស្ថាប័នគ្រប់វិស័យ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ រួមទាំងមន្ត្រីនគរបាលជាតិ កងរាជអាវុធ ហត្ថ មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត ប្រជាការពារ និងជនរួមជាតិគ្រប់មជ្ឈដ្ឋាន បានកំពុងរួមសាមគ្គីគា្នជួយ អន្តរាគមន៍ និងគាំទ្រគ្រប់បែបយ៉ាងជូនកងកម្លាំងជួរមុខ ពលរដ្ឋរងរបួស និងជនភៀសសឹក ប្រកបដោយ ទំនួលខុសត្រូវក្នុងស្មារតីជាតិនិយមខ្ពស់បំផុត។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តទទូចដល់សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ការស្របតាមច្បាប់ គោលការណ៍ និង នីតិវិធីអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃរបស់រដ្ឋាភិបាល យោធា និងកម្លាំងចម្រុះថៃ ដែលបំពាន យ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស អនុសញ្ញាប្រឆាំងការ ធ្វើទារុណកម្ម និងធម្មនុញ្ញអាស៊ានជាដើម។ យើងទាមទារឱ្យភាគីថៃ បញ្ឈប់អំពើដ៏អាក្រក់នេះជាបន្ទាន់ ហើយ ងាកមកអនុវត្តឱ្យបានពេញលេញតាមបទឈប់បាញ់ ជាពិសេស សេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី ព្រមទាំងការថ្លែងស្វាគមន៍គាំទ្រពីមិត្តបរទេស និងសហគមន៍ អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











