Friday, December 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តផ្ដល់អំណោយអំបុកស្រូវថ្មី ១៥០០កញ្ចប់ជូនដល់វីរៈយុទ្ធជនជួរមុខការពារបូរណភាពទឹកដី

ខេត្តកំពង់ចាម: ស្របពេលដែលសមរភូមិជួរមុខព្រំដែនកម្ពុជា-ថៃកំពុងតែក្តៅបានធ្វើឲ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនាំគ្នាគេចពីគ្រាប់ប្លោងឆ្ពោះមកកាន់តំបន់សុវត្ថិភាពមានរហូតដល់រាប់ម៉ឺននាក់។ ជាមួយនោះរដ្ឋបាលខេត្តកំពង់ចាម បានចលនាសប្បុរសជនគ្រប់ទិសទី ដើម្បីយកអំណោយជូនដល់បងៗវីរៈយុទ្ធជនជួរមុខនិងជនភៀសសឹក មានសកម្មភាពផុលផុស ដោយម្នាក់ៗបានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងសកម្មភាពខ្មែរជួយខ្មែរបង្ហាញពីសាមគ្គីភាពដ៏រឹងមាំហើយសមរភូមិក្រោយតែងតែផ្សារភ្ជាប់ជាមួយសមរភូមិមុខគ្រប់កាលៈទេសៈ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២៥ថា: តបតាមការណែនាំរបស់សម្ដេចបវរអធិបតីនិងសម្ដេចតេជោហ៊ុនសែន រដ្ឋបាលខេត្ត បានចេញសេចក្តីប្រកាសជាសាធារណៈដើម្បីកៀងគរពីសប្បុរសជនគ្រប់ទិសទីនៅតាមបណ្ដាស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាមដោយធ្វើឡើងតាមការស្ម័គ្រចិត្ត។ក្នុងនោះឃើញមានការចូលរួមយ៉ាងផុលផុសដោយបងប្អូនប្រជាពលរដ្ឋអាជីវករមន្ត្រីរាជការ បាននាំគ្នាបរិច្ចាគក្នុងនោះមានដូចជាត្រីខកំប៉ុង ខ្ទឹមស អំបុកស្រូវថ្មី ឆៃពៅសាច់ ត្រសក់ចាវត្រីប្រឡាក់ ប្រេងឆា ស្ករស ព្រមទាំងគ្រឿងឧបភោគបរិភោគបានជាច្រើនមកប្រគល់ជូនដល់សាលាខេត្តតែម្ដង។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ទឹកចិត្តរបស់បងប្អូនបង្កើតជាមហាសាមគ្គីបាននាំគ្នាបរិច្ចាកជាបន្តបន្ទាប់ជូនដល់កងវីរៈយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្លាំងយុទ្ធភូមិភាគទី២ ដែលបានប្រចាំការនៅទិសប្រាសាទតាមាន់ តាក្របីនិងមួយផ្នែកក្នុងខេត្តព្រះវិហារជាប់ព្រំដែនថៃ។ក្នុងស្មារតីខ្មែរជួយខ្មែរគឺពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានទឹកចិត្តល្អប្រពៃ ដោយបាននាំគ្នានាំយកថវិការមកប្រគល់ជូនដល់សាលាខេត្តកំពង់ចាមតែម្ដង។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាសម្រាប់អំណោយផ្ដល់ជូនកងកម្លាំងយុទ្ធភូមិភាគទី២ ក្នុងនោះមាន: ត្រីខ ខ្ទឹមស អំបុកស្រូវថ្មី១៥០០កញ្ចប់ស្មើ១៥០០ គីឡូក្រាម ព្រមទាំងរបស់របរជាច្រើនទៀតមានអង្ករ១០តោនរួមនិងថវិការ៤០ លានរៀល។

ចំណែកម្ចាស់ហាងកាហ្វេកាំង ហ៊ុយណាំនៅក្រុងកំពង់ចាម បានបញ្ជាក់ឲ្យដឹងដែរថារូបលោកពិតជាមានអារម្មណ៍សប្បាយរីករាយដែលបាននាំអំណោយជូនដល់សាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី១២ធ្នូ ឆ្នាំ២០២៥ សម្រាប់យកទៅចែកជូនដល់បងប្អូនជនភៀសសឹកនិងវិរៈយុទ្ធជនជួរមុខ ហើយរូបលោកប្ដេជ្ញាចិត្តនិងបន្តជួយបន្ថែមទៀតតាមលទ្ធភាពដែលមាន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×