ភ្នំពេញ ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីឡើងវិញ។
លោកត្រាំ ថា កម្ពុជានិងថៃ យល់ព្រមឈប់បាញ់គ្នា គិតចាប់ពីព្រឹក (ថ្ងៃទី ១៣ ធ្នូ) ត្រូវនឹងយប់នេះថ្ងៃទី ១២ ធ្នូ ម៉ោងនៅអាមេរិក និងងាកទៅគោរពតាមបទឈប់បាញ់ដែលមានស្រាប់វិញ!
លោកត្រាំថាប្រទេសកម្ពុជានិងថៃត្រៀមខ្លួនរួចរាល់ ដើម្បីសន្តិភាព និងបន្តពាណិជ្ជកម្មជាមួយអាមេរិក។
លោកបន្តថា ដើមហេតុនៃការបាញ់គ្នានាពេលថ្មីៗនេះ គឺបណ្ដាលមកពីការផ្ទុះគ្រាប់នៅក្បែរផ្លូវ ដែលជារឿងចៃដន្យ និងធ្វើឱ្យបាត់បង់ជីវិតទាហានថៃមួយនាក់ និងរបួសច្រើននាក់ ប៉ុន្តែថៃបែរជាវាយបកសងសឹកកម្ពុជាវិញយ៉ាងចាស់ដៃ។
លោកអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជួយសម្របសម្រួលរឿងព្រំដែននេះ។
សូមរំលឹកថា ថ្ងៃទី ១២ ធ្នូនេះ លោកប្រធានាធិបតី ដូណាល់ត្រាំ បានទូរស័ព្ទជួបមេដឹកនាំថៃ កម្ពុជា និងម៉ាឡេស៊ី ដើម្បីដោះស្រាយរឿងជម្លោះព្រំដែន៕រក្សាសិទ្ធដោយ៖សុទ្ធលី


