ម៉ាឡេស៊ី ៖ លោក អាន់វ៉ា អីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានទទួលការហៅទូរស័ព្ទពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងថា ខ្ញុំបានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលក្នុងអំឡុងពេលនោះយើងបានពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ទំនាក់ទំនងទ្វេភាគី និងបញ្ហាសកលដែលមានការព្រួយបារម្ភទៅវិញទៅមក។
ស្តីពីភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំបានគូសបញ្ជាក់ពីតួនាទីរបស់ប្រទេសម៉ាឡេស៊ីក្នុងការជំរុញឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ និងវិលត្រឡប់ទៅរកការសន្ទនាតាមរយៈបណ្តាញទ្វេភាគី និងយន្តការអាស៊ាន។
ប្រទេសម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ ការពារជនស៊ីវិល និងជួយស្តារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អរបស់អាស៊ាន។
ក្នុងនាមជាប្រធានអាស៊ាន ប្រទេសម៉ាឡេស៊ីនឹងកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសមួយក្នុងពេលឆាប់ៗនេះ ក្នុងលក្ខណៈមួយដើម្បីវាយតម្លៃស្ថានភាព និងគាំទ្រវិធានការបន្ធូរបន្ថយស្ថានការណ៍។
លោកថា ខ្ញុំក៏បានសម្តែងការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន និងទំនុកចិត្តដែលដាក់លើប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី


