Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) បន្ទាប់ពីយន្តហោះចម្បាំង F-16 ថៃ វាយប្រហារដោយទម្លាក់គ្រាប់បែក ចំនួន ៣គ្រាប់ កាត់ផ្តាច់ស្ពាន

ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ(ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដឹកជញ្ជូនទាំងអស់ មេត្ត មេត្តាជ្រាបថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:០២នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន ២គ្រឿង វាយប្រហារដោយទម្លាក់គ្រាប់បែក ចំនួន ៣គ្រាប់ កាត់ផ្តាច់ស្ពានជ័យជំនះ (ស្ពានមេទឹក) ចំនួន ២ស្ពាន (ស្ពានបេតុងថ្មី និងស្ពានដែកចាស់) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលទង្វើរបស់យោធាថៃនេះ គឺជាសកម្មភាពរំលោភបំពានដោយខុសច្បាប់យ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យជាតិកម្ពុជា និងបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។

ក្រសួងសូមជម្រាបជូនថា ស្ពានជ័យជំនះ(ស្ពានមេទឹក) មានប្រវែង ១៨០ម៉ែត្រ ទទឹងប្រវែង ១០ម៉ែត្រ ត្រូវបានស្ថាបនាជាស្ពានបេតុងតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ ១៦៩-៤០០ នៃគម្រោងសាងសង់ផ្លូវជាតិលេខ៥៥ ដើម្បីបម្រើដល់ការតភ្ជាប់ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនគ្រប់ប្រភេទទៅកាន់គោលដៅនានា។

ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈរួចរាល់ និងរង់ចាំការអនុញ្ញាតពី សមរភូមិជួរមុខ ក្នុងការចុះសិក្សាវាយតម្លៃផលប៉ះពាល់ និងការខូចខាត និងធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខ ហើយក្រសួងនឹងជូនដំណឹងអំពីការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញក្រោយពី ការជួសជុលបានបញ្ចប់ជាស្ថាពរ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ។

“នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ”។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួង។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដឹកជញ្ជូនទាំងអស់ មេត្តា ជ្រាបជាព័ត៌មាន និងបញ្ចៀសការធ្វើចរាចរណ៍គ្រប់ប្រភេទឆ្លងកាត់តំបន់ខាងលើ និងសូមចូលរួមអនុវត្ត តាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន។។រក្សាសិទ្ធដោយ៖សុទ្ធលី

×