ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទូលថ្វាយ ប្រគេន និងជូនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត មេត្តាជ្រាបថា យោងស្មារតីអង្គប្រជុំចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈសង្ឃនាយក រៀបចំពិធីនមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ប្រកាសសច្ចកិរិយា និងផ្សាយមេត្តាធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកទឹកចិត្ត ដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ពង្រឹងស្មារតីក្នុងការសាមគ្គីជាតិ ក្នុងស្ថានកាណ៍ប្រទេសជាតិ មានសង្គ្រាមឈ្លានពានពីកងទ័ពយោធាថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ មកលើប្រទេសកម្ពុជា ស្នើសុំ តាមវត្តអារាមទូទាំងប្រទេស រៀបចំពិធីនមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ចម្រើនសមាធិ ប្រកាសសច្ច កិរិយា និងផ្សាយមេត្តាធម៌ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក សូមឱ្យមានសុខ សន្តិភាព កើតមានដល់ប្រទេសកម្ពុជា។ សូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវដល់ព្រះសង្ឃ បងប្អូន ប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសដល់បងប្អូនវីរៈកងទ័ពជួរមុខដែលកំពុងការពារការឈ្លានពានពីសំណាក់ ខ្មាំងសត្រូវនៅគ្រប់សមរភូមិ។
កម្មវិធីនេះចាប់ផ្តើមពីថ្ងៃសៅរ៍ ៨រោចខែមិគសិរឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទីដល់ម៉ោង៨និង០០នាទីយប់ តទៅ។
សូមដឹងគុណនិងចងចាំនូវគម្រូវីរភាពដ៏អង់អាចក្លាហាន និងសូមជូនពរ បងប្អូនវីរៈកងទ័ពកម្ពុជា ទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ។
សេចក្តីដូចបានទូលថ្វាយ និងប្រគេនខាងលើ សូម សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ដ ជ្រាបជាព័ត៌មាន និងសហការរៀបចំចាត់ចែងអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















