Wednesday, December 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសបើកយុទ្ធនាការ ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈនិងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អភិបាល/អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត និងក្រុមការងារទទួលបន្ទុកធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន សរុបចំនួន៨០០រូប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ថ្លែងបញ្ជាក់ថា ក្នុងនាមក្រសួងសុខាភិបាល សូមគាំទ្រ និងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ និងបានណែនាំដល់ឱ្យថ្នាក់ដឹកនាំ និង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ត្រូវចូលរួមសហការ និងផ្តល់ការគាំទ្រឱ្យពេញទំហឹង ដល់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់បានអនុវត្តក្នុងការធ្វើជំរឿនមន្ត្រីទាំង៣លើក ជាពិសេសបទពិសោធន៍ធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈនាពេលថ្មីៗកន្លងមកនេះ។

បន្ទាប់ពីរបាយការណ៍របស់ លោកជំទាវ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជំរឿន និងចំណាប់អារម្មណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានសហការគ្នាយ៉ាងសកម្មជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតដល់ពេលបើកយុទ្ធនាការជាផ្លូវការនាថ្ងៃនេះ។ ការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាមូលដ្ឋានសំខាន់ក្នុងការបន្តជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរ ក្នុងវិស័យអប់រំ យុវជន និងកីឡា នៅគ្រប់កម្រិតសិក្សា ជាពិសេសជំរុញប្រសិទ្ធភាពការដាក់ពង្រាយគ្រូបង្រៀនដល់កន្លែងដែលខ្វះគ្រូ និងការបំពេញការងាររបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈ ជួយលើកកម្ពស់ទាំងប្រសិទ្ធភាព និងផលិតភាពការងារ ព្រមទាំងការទទួលខុសត្រូវ ដោយផ្តើមចេញពីការពិនិត្យ និងវាយតម្លៃ ស្ថានភាពបច្ចុប្បន្ននៃការបំពេញការងាររបស់មន្ត្រី រួមទាំងការគិតគូរអំពីវិធានការដោះស្រាយ ដើម្បីពង្រឹង សមត្ថភាព និងសមិទ្ធកម្មសា្ថប័ន។

លើកឡើងក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃគណៈកម្មការទទួលបន្ទុកការងារនេះ និងក្រុមការងារពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំយុទ្ធនាការនេះឡើង ឆ្លើយតបនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ជាការរំពឹងទុកពីការធ្វើជំរឿននេះ រួមមាន១) ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ ២) ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី ៣) ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ Database ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម ៤) ការគ្រប់គ្រងបាននូវភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ ចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាព នឹងអនុញ្ញាតឱ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិផងដែរ។

សូមបញ្ជាក់ដែរថា យុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដែលបាននឹងកំពុងដំណើរការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលដៅកំណត់ឱ្យបានច្បាស់លាស់នូវ មន្ត្រីរាជការ ដែលបាន និងកំពុងបំពេញការងារជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ឆ្ពោះទៅកែលម្អការគ្រប់គ្រងធនធានមនុស្សនៅក្នុងវិស័យអប់រំឱ្យកាន់តែល្អប្រសើរ។

ការប្រកាសបើកយុទ្ធនាការ ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ មានគោលបំណង ១) ផ្សព្វផ្សាយសារាចរណែនាំរបស់ រាជរដ្ឋាភិបាល លេខ០៩សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងសារាចរលេខ ១០សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាលមូលដ្ឋាន ២)បង្ហាញការចាប់ផ្តើម ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនាពេលនេះ និង៣) ការចុះពិនិត្យការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីតាំងផ្ទាល់នៅវិទ្យាសា្ថនជាតិអប់រំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×