ខេត្តកំពង់ចាម៖ពិតជាគួរឱ្យកោតសរសើរដល់កម្លាំងវីរៈយុទ្ធជនជួរមុខមានភាពក្លាហានធ្វើឲ្យខ្មាំងសត្រូវដែលចង់មកឈ្លានពានមានការខ្លាចរអារព្រោះដៃម្ខាងកាន់គ្រាប់បែកដកគន្លឹះរួចជាស្រេចនិងដៃម្ខាងទៀតកាន់កៃកាំភ្លើងតម្រង់ទៅរកទ័ពថៃ ធ្វើឲ្យពួកវាខ្លបខ្លាចមិនហ៊ានចូល។ តែគួរឱ្យអាណិតវីរៈយុទ្ធជនរូបនេះត្រូវបានរងការបាញ់ផ្សែងពុលពីយន្តហោះចម្បាំងF16របស់សៀម ធ្វើឱ្យសុខភាពគាត់មានការចុះខ្សោយនិងបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ ជាមួយនោះត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងសហការីអញ្ជើញចុះសួរសុខទុក្ខនិងលើកកម្លាំងចិត្ត ដើម្បីឲ្យឆាប់ជាសះស្បើយនិងវិលត្រឡប់ទៅកាន់សមរភូមិជួរមុខវិញ។
លោកវេជ្ជបណ្ឌិតលុយ សែន ប្រធានមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៥ថា: វីរៈយុទ្ធជនឈ្មោះឈុំស្រេង អាយុ៥៣ឆ្នាំ ដែលជាប់ដៃប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងតបថៃអស់រយៈពេលជាច្រើនថ្ងៃ ជាមួយនោះក៏បានរងគ្រោះដោយផ្សែងពុលបាញ់ចេញពីយន្តហោះចម្បាំងF16 ធ្វើឱ្យអាការៈមានភាពស្លេកស្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃដែលជាស្រុកកំណើតរបស់គាត់។
ប្រធានមន្ទីរពេទ្យបង្អែកជើងព្រៃមានប្រសាសន៍បន្តថា ក្រោយពីការណែនាំពីប្រធានមន្ទីរសុខាភិបាលខេត្តដោយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ ថតមើលគ្រឿងក្នុងគឺមិនមានបញ្ហានោះទេ។រហូតមកដល់ព្រឹកថ្ងៃទី១៧ធ្នូ ឃើញថាអាការៈបានធូរស្រាលច្រើនប្រហែល៦០% ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យបន្តតាមដានសុខភាពរបស់គាត់ឲ្យកាន់តែប្រសើរឡើងនិងមានភាពដូចដើមវិញក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា:ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃដោយសារពុលផ្សែងចេញពីយន្តហោះចំបាំងរបស់សៀមនិងម្នាក់ទៀត ព្យាបាលនៅផ្ទះក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ។ចំណែកលោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ឈរជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ពីលំនៅឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃនៅថ្ងៃទី១៥ធ្នូ ដោយសុខភាពបានធូរស្រាលមួយកម្រិត។
ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខឈរជើងនៅជាំតែ សុំសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ
ក៏ត្រូវបានអភិបាលខេត្តអញ្ជើញចុះជួបផ្ទាល់សំណេះសំណាលនិងលើកកម្លាំងចិត្តព្រមទាំងផ្ដល់ស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












