Wednesday, December 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន បានផ្លាស់ប្តូរយោបល់ជាមួយលោកជំទាវ ខាចា ខាឡាស់ អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមរយៈទូរស័ព្ទជាមួយលោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។

លោកជំទាវ ខាចា ខាឡាស់ បានចូលរួមរំលែកទុក្ខ និងសមានចិត្ត ចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស៊ីវិល និងទុក្ខវេទនាដែលមានក្នុងអំឡុងពេលវិបត្តិនេះ។ លោកជំទាវ បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ថែម និងគាំទ្រដល់ដំណោះស្រាយសន្តិភាពចំពោះវិវាទតាមរយៈការសន្ទនា។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាពដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ឯកឧត្តម ក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកជំទាវ ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×