ខេត្តកំពង់ចាម៖ កងកម្លាំងវីរៈយុទ្ធជនជួរមុខចំនួន៦នាក់ ដែលមានជំងឺចូលមកសម្រាកជាបន្តបន្ទាប់នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលធ្វើឲ្យស្ថានភាពជំងឺបានធូរស្រាលច្រើនក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខទៀតពួកគាត់និងចាកចេញពីមន្ទីរពេទ្យនេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតទូចហួត ប្រធានមន្ទីរពេទ្យបង្អែកស្រុកបាធាយ មានប្រសាឲ្យដឹងអ្នកព្រឹកថ្ងៃទី ២២ធ្នូ ឆ្នាំ២០២៥។ ជាមួយនោះពួកគាត់និងអញ្ជើញត្រឡប់ទៅអង្គភាពជួរមុខព្រំដែនកម្ពុជា-ថៃដើម្បីការពារបូរណភាពទឹកដីជាតិយើង។
គួររំលឹកថា: នៅថ្ងៃទី២១ ខែធ្នូ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៦រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយរួមមាន ៖
១ -ឈោ្មះ ឈាង អូន ភេទប្រុស អាយុ ៥៤ ឆ្នាំ
២ -ឈ្មោះ ញ៉ុក វិន ភេទប្រុស អាយុ ៥៤ឆ្នាំ
៣ -ឈ្មោះ ណៃ នាង អាយុ ភេទប្រុស ៥៦ ឆ្នាំ
៤ -ឈ្មោះ ចិន ថន ភេទប្រុស អាយុ ៥៤ ឆ្នាំ
៥ -ឈ្មោះ ឈឿន គីម ភេទប្រុស អាយុ ៣១ ឆ្នាំ
៦ -ឈ្មោះ កំសត់ កូប ភេទប្រុស អាយុ ៣៥ ឆ្នាំ
សូមបញ្ជាក់ថា វីរកងទ័ពទាំង៦រូប ខាងលើ បម្រើការនៅអង្គភាពយុទ្ធភូមិភាគទី២ ប្រចាំការនៅទិសប្រាសាទខ្នារ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ។ពេលអញ្ជើញជួបជាមួយនឹងបងៗវីរៈកងទ័ពត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកានោះឡើយ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងការកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពរបស់យើង និងស្នើឲ្យបងៗខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់វេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ នឹងអាលបានទៅបម្រើជាតិមាតុភូមិឡើងវិញ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យសូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពរបស់យើងឲ្យបានល្អប្រសើរ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














