ខេត្តកំពង់ចាម: ក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបង្ករឱ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីស្លូតត្រង់ធ្លាក់ខ្លួនពីការភាពជាបន្តបន្ទាប់ជាមួយនោះសូមឲ្យអង្គការដៃគូអភិវឌ្ឍមេត្តាជួយរាយការណ៍អំពីស្ថានភាពដែលបង្ករដោយការឈ្លានពានពីសំណាក់ទ័ពថៃ ដើម្បីឲ្យអន្តរជាតិបានដឹងនិងជួយអន្តរាគមន៍កុំឲ្យមានពលរដ្ឋធ្លាក់ខ្លួនពិការភាពបន្តទៀត។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាស្រុកកំពង់សៀម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានថ្លែងថា: ចំពោះជនមានពិការភាពគឺជាតួអង្គមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍សង្គម គ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ការងារ មុខរបរ សហគ្រិនភាព ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសង្គម ដែលជាគន្លឹះក្នុងការបង្កើនគុណភាពជីវិតរបស់ខ្លួនផ្ទាល់និងគ្រួសារប្រកបដោយ សេចក្តីថ្លៃថ្នូរ បរិយាបន្ន សមភាព និងរស់នៅដោយឯករាជ្យ។
ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការធ្វើបរិយាបន្នពិការភាពលើគ្រប់វិស័យ គឺជាការថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ ដែលចេះគោរព ប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយ មនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាពមានឬក្រ មិនមាន ការមើលងាយ និងលើក កម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជាយើង ដោយកិរិយាមិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។
សូមណែនាំឱ្យកែសម្រួលឬរៀបចំសម្រាប់ជនមានពិការភាពនៅតាមសំណង់អគារ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












