ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នាយប់ថ្ងៃទី ២៤ ខែធ្នូនេះថា “សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ បានយកលិខិតផ្លូវការ (ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ) ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។ តែសម័យនេះហើយ មានទាំងGoogle Translate,ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបាន តែអត្ថន័យដូចមិនមានខ្លឹមសារដូចដែរខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ “។
លិខិតក្រសួងការពារជាតិកម្ពុជា ផ្ញេីទៅថៃ សូមគោរពជូនចំពោះ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាពង្ស ណាកផានីត (ចូលនិវត្តន៍)
រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃសហប្រធានភាគីថៃ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់,
ខ្ញុំសូមយោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៃកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដែលបានសម្តែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាលើការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ ក្នុងន័យនេះ ភាគីកម្ពុជាឯកភាពចំពោះការស្នើឱ្យមានកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
អនុលោមតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានខាងលើ ខ្ញុំសូមលើកសេចក្តីស្នើដូចខាងក្រោម៖
១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង “កិច្ចប្រជុំវិសាមញ្ញ GBC” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។
២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។
៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
- ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។
- ខ) ការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។
- គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។
- ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ៕





