Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងជប៉ុន ផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី

តូក្យូ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញមានជំនួបប្រកបដោយន័យស្ថាបនា ជាមួយលោកជំទាវ Yukiko OKANO អគ្គនាយកទទួលបន្ទុកផ្នែកកិច្ចការវប្បធម៌នៃក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញមានជំនួបប្រកបដោយន័យស្ថាបនា ជាមួយលោកជំទាវ Yukiko OKANO អគ្គនាយក ទទួលបន្ទុកផ្នែកកិច្ចការវប្បធម៌នៃក្រសួងការបរទេសជប៉ុន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពហុភាគី និងវប្បធម៌។

នៅក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងយូរអង្វែងរវាង កម្ពុជានិងជប៉ុន នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ជាពិសេសក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារ បេតិកភណ្ឌវប្បធម៌អរូបី និងបានបញ្ជាក់ជាថ្មីអំពីកាំរប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការលើកតម្កើង ភាពចម្រុះនៃវប្បធម៌ ការការពារផ្អែកលើសហគមន៍ និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនភាគីជប៉ុនផងដែរ អំពីបេក្ខភាពរបស់កម្ពុជាសម្រាប់សមាជិកភាពក្នុង គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ សម្រាប់អាណត្តិ២០២៦-២០៣០ ដោយបង្ហាញ់ពី ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចូលរួមចំណែកប្រកបដោយន័យស្ថាបនា នៅក្នុងការងាររបស់គណៈកម្មាធិការ និងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុននៅក្នុងវិស័យនេះ។

លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីក្តីកង្វល់ពាក់ព័ន្ធនឹងការការពារសម្បត្តិវប្បធម៌ និងសារៈ សំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងលិខិតូបករណ៍ពាក់ព័ន្ធនានាដែលការពារវប្បធម៌ ព្រមទាំង បានគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌គឺជាការទទួលខុសត្រូវរួមគ្នារបស់អន្តរជាតិ។ ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនលោកជំទាវអគ្គនាយកផងដែរអំពីការវិវឌ្ឍថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នាពេលថ្មីៗនេះ។

ជំនួបនេះ បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តទៅវិញទៅមករបស់កម្ពុជានិងជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតលើផ្នែកកិច្ចការវប្បធម៌និងពហុភាគី និងដើម្បីរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រដល់ អភិបាលកិច្ចវប្បធម៌អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×