Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សភៀសសឹកជិត២០០នាក់ទទួលសម្ភារៈសិក្សាពីអភិបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ក្នុងរយៈពេលជាង៣សប្តាហ៍នៃការឈ្លានពានពីសំណាក់ទ័ពសៀម ដោយប្រើប្រាស់កាំភ្លើងធំបាញ់ប្លោងស្រោចលើភូមិឋានរួមទាំងយន្តហោះទម្លាក់គ្រាប់គ្មានត្រាប្រណីមិនរើសមុខធ្វើឲ្យពលរដ្ឋក្មេងចាស់ប្រុសស្រី ត្រូវបានរត់គេចតាមម៉ូតូរថយន្តទៅកន្លែងឆ្ងាយដែលមានសុវត្ថិភាពព្រំដែនកម្ពុជា-សៀម។ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកសម្ភារសិក្សា រួមទាំងគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់សិស្សានុសិស្សដែលបានភៀសសឹកពីបណ្ដាខេត្តជាប់ព្រំដែន សរុបជិត ២០០នាក់ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៤។

សកម្មភាពមនុស្សធម៌នេះត្រូវបានបែងចែកជា ២ ទីតាំង រួមមាន៖
១. ស្រុកអូររាំងឪ៖ សិស្សានុសិស្សចំនួន ១៤៥ នាក់ (រៀបចំនៅបរិវេណសាលាស្រុកអូររាំងឪ)។
២. ស្រុកត្បូងឃ្មុំ៖ សិស្សានុសិស្សចំនួន ៥៥ នាក់ (រៀបចំនៅវិទ្យាល័យសម្តេចម៉ែ)។

លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ក្នុងរបាយការណ៍ថា មន្ទីរបាននឹងកំពុងសម្របសម្រួលយ៉ាងសកម្ម តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សដែលភៀសសឹកទាំងអស់ អាចចុះឈ្មោះចូលរៀន និងបង្រៀននៅតាមសាលារៀនដែលនៅជិតទីតាំងស្នាក់នៅបណ្ដោះអាសន្នបំផុត ដើម្បីធានាថាការសិក្សាមិនត្រូវបានរអាក់រអួល។

ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនៃវិបត្តិព្រំដែនជាមួយប្រទេសសៀមយ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំខេត្ត បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្ដល់ការអប់រំប្រកបដោយគុណភាព និងត្រៀមលក្ខណៈបត់បែនគ្រប់កាលៈទេសៈ តាមរយៈការធ្វើកំណែទម្រង់សាលារៀនឱ្យកាន់តែរឹងមាំ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីអាណិតអាសូរ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សទាំងអស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរបស់ពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលបងប្អូនត្រូវចាកចោលលំនៅដ្ឋានដើម្បីសុវត្ថិភាព។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនភៀសសឹកទាំងអស់ សូមមើលថែរក្សាសុខភាព ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ននាពេលនេះ។

ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារជាតិផង និងស្វែងរកសន្តិភាពតាមរយៈការចរចាផងដែរ។ អំណោយ ចែកជូនដល់សិស្សានុសិស្ស ប្រមាណ ២០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ សៀវភៅ, ប៊ិក, មី, ភេសជ្ជៈ និងថវិកាចំនួន៤ម៉ឺនរៀល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×