រាជធានីភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទូលថ្វាយព្រះរាជពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្វាយសម្តេចព្រះរាជាគណៈ ថ្វាយព្រះពរសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា បងបងប្អូនជនរួមជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល គ្រិស្តសករាជ២០២៦។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នាឱកាសដ៏មហាបវរនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវអំណរព្រះរាជគុណ អំណរព្រះគុណ អំណរគុណ ដោយ ស្មោះអស់ពីដួងចិត្ត និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលមានស្មារតីស្នេហាជាតិ ឯកភាព ជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និង អភិវឌ្ឍជាតិមាតុភូមិកម្ពុជា នាពេលកន្លងមក ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការឈ្លានពាន ដោយកងទ័ពថៃ។ ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានពីសំណាក់ ប្រជាជាតិកម្ពុជាទាំងមូល ដល់វីរកងទ័ពជួរមុខ ជនរងគ្រោះ និងប្រជាជនភៀសសឹកកម្ពុជា គឺជាមោទនភាព ជាតិខ្មែរ និងគុណធម៌ដ៏ប្រសើរ។ ការណ៍នេះបានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ទោះបីជាកំពុងស្ថិត ក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏ជនរួមជាតិកម្ពុជាទាំងអស់នៅតែរួមសុខទុក្ខជាមួយគ្នា ក្នុងនាមជា ប្រជាជាតិតែមួយ។
សម្តេចតេជោ បានថ្លែងថា ដើម្បីព្រះរាជាណាចក្រកម្ពុជា អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមទាំងស្តារនិងថែរក្សា ការពារសន្តិភាពជាមួយប្រទេសថៃ និងសន្តិភាពផ្ទៃក្នុងប្រទេសឱ្យបានគង់វង្សយូរអង្វែង និងជំរុញការអភិវឌ្ឍ ជាតិ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមលើក ទឹកចិត្តប្រជាជាតិកម្ពុជាទាំងមូល សូមបន្តស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងសូមបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពយើង ដែលបានខិតខំប្រឹងប្រែងលះបង់ជាទីបំផុត ក្នុងការដឹកនាំ និងការពារជាតិមាតុភូមិដែលជាមរតកដូនតាខ្មែរ ព្រមទាំងប្រជាពលរដ្ឋឱ្យបន្តរស់នៅប្រកបដោយ សុខសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី









