Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្តីពី ការទប់ស្កាត់នូវរូបភាពអាជីវកម្ម គោដុត នៅទីចំហសាធារណៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំ ស្តីពី ការទប់ស្កាត់នូវរូបភាពអាជីវកម្ម គោដុត នៅទីចំហសាធារណៈ។

នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌សង្គម ធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ ធ្វើដំណើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍជាតិឈាន ឆ្ពោះទៅរកភាពសម្បូររុងរឿង សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បង ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ជាពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល បាននិងកំពុងបន្តបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារថែរក្សា និងគាំទ្រ ទាំងស្មារតី និងសម្ភារៈ ដើម្បីពង្រឹង និងពង្រីក វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់។ កន្លងមក រាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ ១៥ សជណ.ផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ក្នុងគោលបំណង ទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យស្របទៅនឹងគោលការណ៍ណែនាំនេះ ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដូចខាងក្រោម៖

១- ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ។

២- ការចរាចរណ៍សត្វទ្វេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវហ្មត់ចត់ ជៀសវាងការចង ខ្សែព្យួរ ដាក់ក្នុងទីវាលឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាពបង្ហាញនូវភាពហិង្សាធ្វើឱ្យប៉ះពាល់ ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូរបស់សង្គម។

៣- ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរតាមដងផ្លូវ ត្រូវមានការវេចខ្ចប់ បិទបាំងឱ្យបានជិតល្អ ត្រឹមត្រូវ ជៀសវាងការដឹកជញ្ជូនដោយគ្មានការវេចខ្ចប់ និងបិទបាំង ឬ ដាក់ចំហដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញពីហិង្សាធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×