ភ្នំពេញ៖នារសៀលថ្ងៃទី៥មករា២០២៦នេះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញពិនិត្យមើលទីតាំង ប្រគល់ ទទួលអំណោយ ជាមួយនិងការពិនិត្យអំណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក។
ថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន សប្បុរសជននៅតែបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយនិងវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពវិញក៏ដោយ។
នៅថ្ងៃទី០៥មករា២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដម ឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន នៅតែបន្តប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្ដម ហួត ហៃ អភិបាលរង ក្នុងនាម ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












