Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការផ្សាយរបស់ កាសែត Khaosod English ថា “ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា” ខណៈការពិត គឺជា “ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក” ក្នុងដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦ចេញសេចក្ដីប្រកាសបដិសេធ ការផ្សាយរបស់ កាសែត Khaosod English ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ បានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយ ដែលមានខ្លឹមសារថា «…ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ និងសូមបំភ្លឺជូនមតិសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រូបភាព និងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។

ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្ដីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។ លើសពីនេះទៀត ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ ច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាថៃមកឈ្លានពានទឹកដីកម្ពុជា ហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាម ខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×