Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ៖ លោក ចេនហ្ស៊ី និងបក្សពួក ២នាក់ទៀត ត្រូវបានចាប់ខ្លួននៅកម្ពុជា ហើយបញ្ជូនទៅប្រទេសចិន , Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ

ភ្នំពេញ ៖ លោក ចេនហ្ស៊ី( Chen Zhi )ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group និងបក្សពួក ២នាក់ទៀត ត្រូវបានចាប់ខ្លួននៅកម្ពុជា ហើយត្រូវបានបញ្ជូនទៅប្រទេសចិនហើយ ដើម្បីស៊ើបសួរបន្តដោយអាជ្ញាធរពាក់ព័ន្ធ។
លោក ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគ​លើគម្រោង​ជាច្រើននៅក្នុងប្រទេសកម្ពុជា។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋ ចិនចំនួន៣នាក់ រួមមាន ឈ្មោះ Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈ្មោះ Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

បើយោងតាមសារព័ត៌មាន CC Times ផ្សាយជាភាសាចិននៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ករណី​លាង​លុយ​ឆ្លង​ដែន​របស់​ក្រុមហ៊ុន Prince Group បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជុំវិញ​ពិភពលោក។ យោងតាមព័ត៌មានចុងក្រោយ លោក Chen Zhi ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបញ្ជូនទៅកាន់ដីគោក ដើម្បីធ្វើការស៊ើបអង្កេតបន្តដោយនាយកដ្ឋានពាក់ព័ន្ធ។

ប្រភពបានចង្អុលបង្ហាញថា មូលហេតុដែល Chen Zhi ត្រូវបានរដ្ឋាភិបាលជាច្រើនចាត់វិធានការគឺដោយសារតែគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធំៗ ដូចជាការក្លែងបន្លំទ្រង់ទ្រាយធំ និងការលាងលុយកខ្វក់ឆ្លងដែន ហើយត្រូវបានកាត់ទោសជាផ្លូវការដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចំពោះរឿងនេះ។ យោងតាមរបាយការណ៍ចុងក្រោយដែលផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកម្ពុជា Chen Zhi ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក្រោយមកត្រូវបាននិរទេសទៅកាន់ដីគោក ដើម្បីទទួលការស៊ើបអង្កេតលម្អិតដោយនាយកដ្ឋានពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×